(កំពង់ធំ)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា សុខភាពប្រជាពលរដ្ឋ និងដល់រដូវដាក់បិណ្ឌផងនោះ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧នេះ មន្ត្រីសាខាកាំកុងត្រូល ខេត្តកំពង់ធំ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារនៅផ្សារបារាយណ៍ ឃុំ បារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា ការចុះអង្កេតទំនិញនៅផ្សារបារាយណ៍នេះ ផ្តោតទៅលើផលិតផលវេចខ្ចប់ជាគ្រឿងឧបភោគ បរិភោគ និងជាពិសេសស្លាដក ដែលពេលនេះ ជារដូវបុណ្យដាក់បិណ្ឌ ដែលបាននិងកំពុងដាក់តាំងលក់ ដោយបានធ្វើតេស្តបឋម (Test Kit) ទៅលើម្ហូបអាហារមួយចំនួនរួមមាន៖ ណែមសាច់ត្រី បង្គារ មឹក គុយទាវ សណ្តែកបណ្តុះ សរសៃមីលឿង នំបញ្ចុក ស្ពៃជ្រក់ ជាដើម តែលទ្ធផលនៃការធ្វើតេស្តបឋម គឺទទួលបានលទ្ធផលល្អ។

ជាមួយគ្នានោះ មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ បានរកឃើញភេសជ្ជៈមួយចំនួន ហួសកាលបរិច្ឆេទ និងបានធ្វើ កំណត់ដកហូត យកទុកដុកកំទេចចោលនាពេលក្រោយផងដែរ ដែលភេសជ្ជៈទាំងនោះរួមមាន៖ ១-ទឹកក្រូចម៉ាក Fanta  ចំណុះ១,៥ Lចំនួន៩ដប ផលិតនៅប្រទេសកម្ពុជា,២-ទឹកក្រូចម៉ាក Fanta  ចំណុះ៣៩០ml ចំនួន២៤ដប ផលិតនៅប្រទេសកម្ពុជា,៣-ទឹកក្រូចម៉ាក DeeDo ចំណុះ450 ml ចំនួន34ដប ផលិតនៅប្រទេសថៃ, ៤-ទឹកក្រូចម៉ាក Koto ចំណុះ230 ml ចំនួន12ដប ផលិតនៅប្រទេសថៃ,៦- ទឹកក្រូចម៉ាក Jubshi  ចំណុះ220ml ចំនួន8ដប ផលិតនៅប្រទេសថៃ,៧-ចាហួយដូងម៉ាកThanh Binh ៩កញ្ចប់ ផលិតនៅប្រទេសវៀតណាម និង៨-ទឹកក្រូចម៉ាក Hidors   ចំណុះ200ml ចំនួន62ដប ផលិតនៅប្រទេសកូរ៉េ។

ឆ្លៀតឱកាសនោះដែរ ក្រុមការងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

សកម្មភាពការត្រួតពិនិត្យ របស់មន្រ្តីកាំកុងត្រូល ត្រូវបានធ្វើឡើងនៅគ្រប់ទិសទី មិនថា នៅលើទីផ្សារ ឬនៅមាត់ ច្រកព្រំដែនទេ គឺធ្វើឡើង ការពារចំពោះសុខុមាភាព របស់ប្រជាពលរដ្ឋ មិនអនុញ្ញាតឲ្យនាំចូល ទំនិញខូច គុណភាពចូលមកទឹកដីកម្ពុជាយើងឡើយ ៕