(ភ្នំពេញ)៖ អ្នកបើកបរម៉ូតូម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង ឯអ្នកជិះពីក្រោយរងរបួសធ្ងន់ បន្ទាប់ពីរថយន្តធុនធំមិនស្គាល់ម៉ាកវ៉ាជែង រថយន្តខាងមុខ ក៏ជ្រុលចង្កូតទៅបុកម៉ូតូ ទាំងបញ្ច្រាស់ទិស ហើយបើករត់គេចខ្លួន កាលពីម៉ោងជាង៥ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ក្នុងភូមិជម្ពូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះជិះម៉ូតូខាងក្រោយ ដែលស្លាប់បាត់បង់ជីវិតឈ្មោះ ឈឿន បញ្ញា ហៅញ៉ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបើកបរគ្រឿងចក្រ អេស្កា នៅក្រុមហ៊ុនផែស្ងួតតិចស្រ៊ុន ស្នាក់នៅ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅ ភូមិតាពូង ឃុំឫស្សី ស្រុកពាមជរ៍ ខេត្តព្រៃវែង។ ចំណែកអ្នកឌុបរងរបួសធ្ងន់ឈ្មោះ ឈិន សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងជួសជុសរថយន្ត នៅផែស្ថួតតិចស្រ៊ុន ស្នាក់នៅជាមួយគ្នា និងមានស្រុកកំណើត នៅភូមិព្រៃអាទិន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើកបរម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល ១T-៩៥២៩។

នៅមុនពេលកើតហេតុ បានឲ្យដឹងថា ផ្លូវទំនប់កប់ស្រូវត្រង់ចំណុចខាងលើ ក្រុមហ៊ុនការដ្ឋានសាងសង់ទើបចាក់បេតុងបានមួយចំហៀងទេ ហើយទុកចោលយូរខែហើយ គ្មានឃើញដំណើរការបន្ត ដាក់ពង្រាយ របាំងថ្ម រណូករណែល រាយបាយតាមផ្លូវ ហើយមុនពេលកើតហេតុ

គេបានឃើញរថយន្តបង្កធុនធំមិនចាំម៉ាក បើកបរពីលិចទៅកើត លុះមកដល់ចំណុចខាងលើ បានវ៉ាជែងរថយន្តខាងមុខ ទើបជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះ ដែលជិះឌុបគ្នា២នាក់ ក្នុងទិសដៅពីលិចមកកើត បណ្ដាលឲ្យអ្នកជិះខាងក្រោយខ្ទាតបោកផ្ទប់ទៅនឹងរបាំថ្ម ដែលគេដាក់ចោល ក៍ស្លាប់ភ្លាមៗតែម្ដង។រីឯអ្នកបើកបររងរបួសធ្ងន់ និងត្រូវបានរថយន្ដសាម៊ុយដឹកយកទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ។ឯរថយន្ដបង្កបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ ម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ច យកមករក្សាទុកបណ្ដោះអាសន្ន និងស្រាវជ្រាវទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីដឹកយកសាកសពទៅធ្វើបុណ្យតាមប្រណៃណី៕