(កោះកុង)៖ ដោយអនុវត្តតាមបទបញ្ជារបស់អគ្គនាយដ្ឋានកាំកុងត្រូល សាខាកាំកុងត្រូលខេត្តកោះកុង សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបន្តចុះត្រួតពិនិត្យទំនិញនៅតាមផ្សារ និងតូបមួយចំនួនក្នុងស្រុកស្រែអំបិល ដើម្បីស្វែងទំនិញខូចគុណភាព ផុតកាលបរិច្ឆេទ និងមានសារធាតុគីមី ប៉ុន្តែជាលទ្ធផលកម្លាំងសមត្ថកិច្ចរកមិនឃើញនូវទំនិញខូចគុណភាពទាំងនោះឡើយ ដោយសារអាជីវករមានការយល់ដឹងជាងមុន។

លោក ហ៊ុយ ភារម្យ ប្រធានសាខាកាំកុងត្រូលខេត្តកោះកុង ដែលជាអ្នកដឹកនាំកម្លាំងសមត្ថកិច្ចខាងលើ បានឲ្យដឹងថា ការពិនិត្យរាល់មុខទំនិញដែលអាជីវករដាក់តាំងលក់នេះ ធ្វើឡើងដោយមានការចង្អុលបង្ហាញពីអគ្គនាយដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ដើម្បីសុវត្ថិភាពជូនប្រជាពលរដ្ឋ និងណែនាំប្រជាពលរដ្ឋឲ្យបានយល់ដឹង និងចេះពិនិត្យមើលរាល់មុខទំនិញ មុននឹងទិញត្រូវចេះពិនិត្យមើលពីថ្ងៃខែឆ្នាំផលិតជាមុនសិន។

លោក ហ៊ុយ ភារម្យ បានបញ្ជាក់ថា ថ្ងៃនេះជំនាញលោកបានបញ្ជាក់ចំណុចសំខាន់ៗ ដល់អាជីវករឲ្យចេះមើលថ្ងៃខែឆ្នាំផលិតរបស់ក្រុមហ៊ុនផលិត និងមើលការក្លែងបន្លំរាល់មុខទំនិញ។

លោកបានឲ្យដឹងថា សាខាកាំកុងចុះប្រតិបតិ្តការទៅលើសាលារៀនញឹកញាប់ជាងគេ ពីព្រោះក្មេងគាត់មិនសូវមានការចាប់អារម្មណ៍នោះទេពីផលិតផលខូចគុណភាព ហើយការចុះប្រតិបត្តិការណ៍ថ្ងៃនេះជំនាញលោកពុំរកឃើញមុខទំនិញខូចគុណភាពទេ ព្រោះអាជីវករ និងប្រជាពលរដ្ឋគាត់យល់ដឹងបានច្រើន។

លោកប្រធានក៏បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ បើកន្លែងណាមានដាក់លក់ទំនិញខូចគុណភាព ត្រូវរាយការមកសមត្ថកិច្ចជាបន្ទាន់ ដើម្បីងាយស្រួលក្នុងការទប់ស្កាត់៕