(សៀមរាប)៖ វិទ្យាស្ថានជាតិទេសចរណ៍នៃក្រសួងទេសចរណ៍ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទេសចរណ៍ដល់ប្រតិបត្តិទេសចរណ៍ មន្ត្រីសមត្ថកិច្ច កងកម្លាំង អាជ្ញាធរ និងភាគីពាក់ព័ន្ធ ក្នុងការបម្រើការងារពាក់ព័ន្ធក្នុងឧស្សាហកម្មទេសចរណ៍ ក្រោមអធិបតីភាពរបស់លោក កើត ពុទ្ធវរី នាយកវិទ្យាស្ថានជាតិទេសចរណ៍ ដែលមានអ្នកចូលរួមជាង ២៥០រូប ដែលបានរៀបចំនៅមន្ទីរទេសចរណ៍ខេត្តសៀមរាប។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក កើត ពុទ្ធវរី បានឲ្យដឹងថា វិស័យទេសចរណ៍ នាពេលបច្ចុប្បន្ន ត្រូវបានប្រទេសទាំងឡាយលើពិភពលោក រួមទាំងកម្ពុជាផងដែរ បានចាត់ជាវិស័យអាទិភាពមួយក្នុងការជំរុញឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងជួយថែរក្សាអភិរក្សធនធានវប្បធម៌ និងធម្មជាតិ។

លោកបញ្ជាក់ថា ជាក់ស្ដែងវិស័យនេះតំណាងឱ្យ ១០% នៃផលិតផលក្នុងស្រុកសរុប (GDP) សាកលលោកស្មើនឹង ៣០% នៃការធ្វើពាណិជ្ជកម្មផ្នែកសេវាកម្មសរុបរបស់សកលលោក និងបានបង្កើតការងារ ១ភាគ១១ សម្រាប់កម្លាំងពលកម្មសរុប ក្នុងនោះកម្លាំងពលកម្មជាស្ត្រីបម្រើការក្នុងឧស្សាហកម្មនេះមានប្រមាណ ៦០%។ ឆ្នាំ២០១៦ កន្លងទៅនេះ ពិភពលោកទទួលបានទេសចរអន្តរជាតិចំនួន ១.២៣លាននាក់ ក្នុងកំណើន ៣.៩% បើប្រៀបធៀបឆ្នាំ២០១៥ និងបង្កើតការងារប្រមាណ ២៨៤លាននាក់។ បើតាមការព្យាករណ៍របស់អង្គការទេសចរណ៍ពិភពលោក នៅឆ្នាំ២០២០ និងឆ្នាំ២០៣០ ទេសចរពិភពលោកនឹងកើនដល់ ១.៦០០លាននាក់ ទៅ ១.៨០០លាននាក់។

សម្រាប់កម្ពុជាក្នុងរយៈពេល៧ខែ ឆ្នាំ២០១៧នេះ ខេត្តសៀមរាបទទួលបានទេសចរសរុប ៣,៧៨៣,៧២៤​នាក់ កើនទ្បើង ១១.៩៤% ធៀបនឹងឆ្នាំ២០១៦ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ២,៣៦៧,៦៩៦នាក់ កើនទ្បើង ១១.៩១% ​និងភ្ញៀវទេសចរអន្តរជាតិចំនួន ១,៤១៦,០២៨នាក់ កើនទ្បើង ១១.៩៩%។ ឆ្នាំ២០១៦ កន្លងទៅកម្ពុជា ទទួលបានចំណូលប្រមាណ ៣.៤០០លានដុល្លារ ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិពីវិស័យនេះ។ ចក្ខុវិស័យនៅឆ្នាំ២០២០ រំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នឹងបង្កើតចំណូលជូនជាតិប្រមាណ ៥ពាន់លានដុល្លារអាមេរិក។

លោកបន្ថែមថា ការយល់ដឹង និងចូលរួមអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទេសចរណ៍ គឺមានសារសំខាន់បំផុត ដែលមិនអាចខ្វះបានសម្រាប់ម្ចាស់អាជីវកម្ម ឬប្រតិបត្តិករទេសចរណ៍ដោយសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទេសចរណ៍នេះ ជាចំណេះដឹងមួយសម្រាប់អនុវត្ត និងជាកាតព្វកិច្ចរបស់ពលរដ្ឋក្នុងសកម្មភាពអាជីវកម្មប្រចាំថ្ងៃរបស់ប្រតិបត្តិករទេសចរណ៍ និងភាគីពាក់ព័ន្ធក្នុងឧស្សហកម្មទេសចរណ៍ និងជាឧបករណ៍មួយសម្រាប់គ្រប់គ្រងសកម្មភាពអវិជ្ជមាន ដែលកើតមានពីទេសចរណ៍៕