(បាត់ដំបង)៖ មន្រ្តីសាខាកាំកុងត្រូលបាត់ដំបង បានសហការជាមួយមន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បន្តចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ រយៈពេល២ថ្ងៃ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ហើយជាលទ្ធផលបានរកឃើញទំនិញខូចគុណភាពចម្រុះជិត២០គីឡូក្រាម។

លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឲ្យដឹងថា រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៥-០៦ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងចម្រុះបានរកឃើញទំនិញខូចគុណភាពចម្រុះមានជិត២០គីឡូក្រាម និងបានរឹបអូសយកមករក្សាទុក ដើម្បីដុតកម្ទេចចោលនៅពេលក្រោយ។

លោកប្រធានសាខាកាំកុងត្រូល បានអំពាវនាវដល់អាជីវករទាំងអស់ បញ្ឈប់ការដាក់តាំងលក់ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាពតទៅទៀត ចៀសវាងធ្វើឲ្យមានការប៉ះសុខភាពដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់។

លោក ហាក់ សុខរិន បានបញ្ជាក់ថា ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាពលរដ្ឋកាន់តែយល់ច្បាស់ជាងមុនពីផលប៉ះពាល់សុខភាព តាមរយៈការអប់រំផ្សព្វផ្សាយរបស់មន្រ្តីជំនាញនៅគ្រប់ទីកន្លែងក្នុងខេត្ត និងបន្តទប់ស្កាត់រាល់ទំនិញខូចគុណ មិនឲ្យមានដាក់តាំងលក់នៅលើទីផ្សារបន្តទៀតផងដែរ៕