(ភ្នំពេញ)៖ កិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃ ទាំងចង្អៀត និងទូលាយ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្រ្តីថៃ បានបិទបញ្ចប់ហើយនៅវេលាម៉ោង១៣៖០០នាទីនេះ។

បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានអញ្ជើញធ្វើជាសហអធិបតីក្នុងពិធីចុះហត្ថលេខាលើពិធីសារចំនួនពីររួមមាន៖

១៖ ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចំរុះលើកទី៣រវាងប្រទេសទាំងពីរ ធ្វើឡើងរវាងលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និង លោក ដនប្រាមុត វិណៃ រដ្ឋមន្រ្តីការបរទេសថៃ។

២៖ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរស្តីពីការចៀសវៀងការយកពន្ធត្រួតគ្នា និងការកឹបកេងបន្លំពន្ធពាក់ព័ន្ធប្រាក់ចំណូល ធ្វើឡើងរវាងលោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរត្តិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ដន ប្រាមុត វិណៃ រដ្ឋមន្រ្តីការបរទេសថៃ។

កិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា និងការកឹបកេងបន្លំពន្ធប្រាក់ចំណូល ផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា-ថៃ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ធ្វើឲ្យប្រាកដប្រជាក្នុងការកំណត់សិទ្ធិ នៃការយកពន្ធដែលជាមូលដ្ឋានសំខាន់សម្រាប់ទាក់ទាញវិនិយោគបរទេសដោយផ្ទាល់, លំហូរមូលធន, ការផ្ទេរបច្ចេកវិទ្យា និងជំនាញពីបរទេស, ការការពារនិវាសនជនពីប្រព្រឹត្តកម្មមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងពន្ធ និងការការពារចំណូលពន្ធ ក្នុងស្រុកតាមរយៈកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនឹងការគេចវេះពន្ធរវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា កិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃលើកទី៣ ដែលធ្វើឡើងនាព្រឹកថ្ងៃនេះ ត្រូវបានធ្វើឡើងក្រោមមូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព»។ កិច្ចប្រជុំនេះនឹងផ្ដល់មគ្គុទេសក៍ និងទិសដៅក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ដែលនឹងផ្តល់ផលប្រយោជន៍ ថែមមួយកម្រិតទៀតដល់ប្រទេសទាំងពីរ៕