(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានសម្តែងការគាំទ្រចំពោះសកម្មភាពរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ដែលកន្លងមកបានធ្វើការបង្ក្រាបបទល្មើសជាច្រើន ពាក់ព័ន្ធនឹងការរត់ពន្ធឱសថខុសច្បាប់ បង្ករឲ្យមានគ្រោះថ្នាក់ និងមានហានីភ័យខ្ពស់ដល់សុខភាពសាធារណៈ និងសុវត្ថិភាពសង្គម។
លោករដ្ឋមន្ត្រី បានបង្ហាញជំហរដូចនេះ នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយប្រតិភូ គ.ប.ផ.ក ដឹកនាំដោយ ឧត្តមសេនីយ៍ឯក មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ដែលបានស្វែងរកការគាំទ្របច្ចេកទេសពីក្រសួងពាណិជ្ជកម្ម ទៅលើផែនការសកម្មភាពរបស់ខ្លួន។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានផ្តល់អនុសាសន៍មួយចំនួនដល់ប្រតិភូ គ.ប.ផ.ក ទាក់ទងនីតិវិធីក្នុងការអនុវត្តន៍ច្បាប់, ការបណ្តុះបណ្តាល, ការអប់រំ និងការផ្សព្វផ្សាយលទ្ធផលជូនសាធារណៈជន។ លើសពីនេះ លោករដ្ឋមន្ត្រី បានសំណូមពរ គ.ប.ផ.ក ធ្វើការពង្រឹងកិច្ចសហការថែមទៀត ជាមួយក្រសួងពាណិជ្ជកម្ម លើការរៀបចំសមាជិកបន្ថែម ដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារទៅវិញទៅមក និងបន្តសហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម ដែលជាស្ថាប័នជំនាញមានបេសកកម្ម ការពារអ្នកប្រើប្រាស់, លើកកម្ពស់សុវត្ថិភាពម្ហូបអាហារ, និងធានាការប្រកួតប្រជែងធុរកិច្ចដោយសមភាព។
ឧត្តមសេនីយ៍ឯក មៀច សុផាន់ណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ដែលបានផ្តល់អនុសាសន៍ និងចែករំលែកបទពិសោធន៍ល្អៗដល់ គ.ប.ផ.ក ក្នុងការអនុវត្តន៍ការងារឲ្យកាន់តែមានប្រសិទ្ធភាព។ ដើម្បីជាសក្ខីភាពនៃកិច្ចសហប្រតបត្តិការល្អរវាងក្រសួងពាណិជ្ជកម្ម និងគ.ប.ផ.ក លោកប្រធាន ក៏បានប្រគល់វិញ្ញាបនប័ត្រថ្លែងអំណរគុណជូន លោករដ្ឋមន្ត្រី ព្រមទាំងធ្វើការថតរូបជុំគ្នា ដើម្បីទុកជាអនុស្សាវរីយ៍សម្រាប់ភាពជាដៃគូថែមទៀត៕