(ភ្នំពេញ)៖ ​គណៈកម្មាធិការអចិន្ដ្រៃយ៍​ នៃរដ្ឋសភា បានចាត់ទុកថា របាយការណ៍របស់សមត្ថកិច្ច ដែលដាក់ជូនមករដ្ឋសភា ពាក់ព័ន្ធការចាប់ខ្លួនលោក កឹម សុខា តំណាងរាស្ដ្រមណ្ឌលកំពង់ចាម និងជាប្រធានគណបក្សសង្គ្រោះជាតិនោះ គឺធ្វើឡើងត្រឹមត្រូវតាមច្បាប់ នៃ​រដ្ឋធម្មនុញ្ញ ហើយបានសម្រេចដាក់ករណីលោក កឹម សុខា ខាងលើនេះ ជូនសម័យប្រជុំវិសាមញ្ញ នៃរដ្ឋសភា សម្រេចទៅតាមបទបញ្ញតិ្តនៃមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំ ​គណៈកម្មាធិការអចិន្ដ្រៃយ៍​រដ្ឋសភា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកញ្ញានេះ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះ បានបញ្ជាក់យ៉ាងដូច្នេះថា «អង្គប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍រដ្ឋសភា សន្និដ្ឋានថា របាយការណ៍ជូនរដ្ឋសភា  របស់សមត្ថកិច្ចពាក់ព័ន្ធ នឹងករណីចាប់ខ្លួន ចោទប្រកាន់ ឃាត់ខ្លួន និងឃុំខ្លួន ឯកឧត្តម កឹម សុខា តំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ចាម បានធ្វើត្រឹមត្រូវបានបទបញ្ញតិ្ដនៃមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ និងបទបញ្ញត្តិច្បាប់ដទៃទៀត ដែលពាក់ព័ន្ធ»។​

ក្រោយបញ្ចប់កិច្ចប្រជុំរួចមក គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃរដ្ឋសភាពបានប្រកាសថា នឹងយកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ខាងមុនេះ ដើម្បីបើកកិច្ចប្រជុំវិសាមញ្ញលើករណី ចាប់លោក កឹម សុខា សមាជិករដ្ឋសភា និងជាប្រធានគណបក្សសង្គ្រោះជាតិ ក្រោយពេលតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ ពាក់ព័ន្ធក្បត់ជាតិ។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅវេលាម៉ោងប្រមាណ ១២៖៣៥នាទីរំលងអាធ្រាត្រថ្ងៃទី០២ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបែកធ្លាយវីដេអូមួយបង្ហាញថា លោកបានអនុវត្តតាមការបញ្ជារបស់ សហរដ្ឋអាមេរិក ដើម្បីដណ្តើមអំណាច ពីរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លោក កឹម សុខា ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះប្រឈម នឹងការដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ ហើយចៅក្រមស៊ើបសួរ ក៏បានសម្រេចឃុំខ្លួន លោក កឹម សុខា ដាក់ពន្ធនាគារជាបណ្តោះអាសន្នផងដែរ។

គិតតាំងពីថ្ងៃចាប់ខ្លួន រហូតដល់ពេលនេះ លោក កឹម សុខា ត្រូវឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ស្ថិតនៅ ខេត្តត្បូងឃ្មុំ៕

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ៖