(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក គី ឬទ្ធី បានបដិសេធមិនអនុញ្ញាត ឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចូលជួបសូរសុខទុក្ខលោក កឹម សុខា ប្រធានគណបក្ស នៅក្នុងពន្ធនាគារត្រពាំងថ្លុងនោះទេ ដោយលោកចៅក្រមពន្យល់ថា សំណុំរឿងនេះកំពុងស្ថិតនៅក្នុងចំណាត់ការស៊ើបសួរ និងស្រាវជ្រាវប្រមូលភ័ស្ដុតាងនានា។ នេះបើយោងតាមលិខិតរបស់លោកចៅក្រម គី ឬទ្ធី ផ្ញើជូនលោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ដ្រមណ្ឌលបាត់ដំបង គណបក្សសង្គ្រោះជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧។

សូមបញ្ជាក់ថា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ លោកស្រី មូរ សុខហួរ បានសរសេរលិខិតទៅចៅក្រម គី ឬទ្ធី សុំជួបសួរសុខទុក្ខលោក កឹម សុខា នៅមណ្ឌលអប់រំកែប្រែទី៣ (ពន្ធនាគារត្រពាំងថ្លុង) នៅវេលាម៉ោង២រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧។

នៅក្នុងលិខិតស្នើសុំនោះ ក្រៅពីលោកស្រី មូរ សុខហួរ រួមមាន លោក ប៉ុល ហំម តំណាងរាស្ដ្រមណ្ឌលតាកែវ លោក ស៊ុន ឆៃ តំណាងរាស្ដ្រមណ្ឌលភ្នំពេញ លោក សួន សូរីដា តំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ និងលោក គី វ៉ាន់តារា តំណាងរាស្ដ្រមណ្ឌលកំពង់ឆ្នាំង ដែលមានបំណងចូលសួរសុខទុក្ខលោក កឹម សុខា។

នៅក្នុងលិខិតជម្រាបជូនទៅ លោកស្រី មូរ សុខហួរ លោកចៅក្រម គី ឬទី្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារសំណុំរឿងកំពុងស្ថិតនៅក្នុងចំណាត់ការស៊ើបសួរ និងស្រាវជ្រាវប្រមូលភ័ស្ដុតាងនានា ហើយចៅក្រមមិនទាន់សាកសួរជនត្រូវចោទនៅឡើយ ហេតុនេះការចូលជួប ឬសួរសុខទុក្ខ អាចអនុញ្ញាតឲ្យបានតែមេធាវី និងក្រុមគ្រួសារ ជនត្រូវចោទដែលមិនទាន់ទិននៅក្នុងរឿងតែប៉ុណ្ណោះ។ សម្រាប់អ្នកដទៃផ្សេងទៀត ការចូលសួរសុខទុក្ខអាចអនុញ្ញាតឲ្យបាន ក្រោយពីចៅក្រមបានបំពេញកិច្ចចាំបាច់មួយចំនួនសិន... អាស្រ័យហេតុនេះ ការសុំចូលរួមសុខទុក្ខ លោក កឹម សុខា នៅមណ្ឌលអប់រំកែប្រែទី៣ វេលាម៉ោង២រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ មិនអាចអនុញ្ញាតជូនបានទេ»