(ភ្នំពេញ)៖ អនុប្រធានសភាប្រឹក្សាភិបាលប្រជាជនចិន លោក Wang Jiarui ដែលកំពុងដឹកនាំគណៈប្រតិភូធ្វើទស្សកិច្ចនៅកម្ពុជា បានថ្លែងអះអាងថា ប្រទេសចិនសូមគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាប់ខ្លួន លោក កឹម សុខា មេបក្សប្រឆាំងគណបក្សសង្គ្រោះជាតិ ដើម្បីធានានូវស្ថិរភាពរបស់ប្រទេសកម្ពុជា និងអះអាងថាមហាអំណាចចិនធានាគ្រប់កាលៈទេសៈជួយដល់កម្ពុជា។
ការបញ្ជាក់់ជំហររបស់ប្រទេសចិនយ៉ាងដូច្នេះរបស់លោក Wang Jiarui ធ្វើឡើងក្នុងឱកាសដែលលោកចូលជួបសវនាការជាមួយ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧នេះ នេះបើតាមបញ្ជាក់របស់លោក សន សរណា ទីប្រឹក្សាសម្តេច ហេង សំរិន ថ្លែង ប្រាប់ក្រុមអ្នកយកព័ត៌មានក្រោយបញ្ចប់សវនាការ។
លោក សន សរណា បានបញ្ជាក់ថា ក្នុងជំនួបនេះ អនុប្រធានសភាប្រឹក្សាភិបាលប្រជាជនចិន លោក Wang Jiarui បានជំរាបជូនសម្តេចប្រធានរដ្ឋសភាថា «ដើម្បីធានានូវនយោបាយ ស្ថិរភាពរបស់ប្រជាជាតិ សម្តេចតេជោ ហ៊ុន សែន បានដោះស្រាយបញ្ហាផ្ទៃក្នុងបានល្អប្រសើរ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រាជរដ្ឋាភិបាលបានចាប់ ឯកឧត្តម កឹម សុខា ក្រសួងការបរទេសចិន សូមធ្វើការគាំទ្រ ចំពោះកិច្ចការនេះ និងសូមធានាដល់សន្តិសុខប្រទេសកម្ពុជា ប្រទេសចិននឹងជួយសហការប្រទេសកម្ពុជា នៅគ្រប់កាលៈទេសៈ កម្ពុជាមានឧបសគ្គ ប្រទេសចិននៅពីក្រោយជួយគាំទ្រដំណើរនេះ ជោគជ័យរបស់កម្ពុជា ក៏ដូចជាជោគជ័យរបស់ប្រទេសចិន ឧបសគ្គកើតឡើង ចំពោះប្រទេសកម្ពុជា ក៏ដូចជាឧបសគ្គចំពោះប្រទេសចិន សង្ឃឹមថា ប្រទេសកម្ពុជាមានសេដ្ឋកិច្ចល្អយ៉ាងខ្លាំងនៅពេលអនាគត»។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងប្រមាណ០០៖៣៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីមានការបែកធ្លាយវីដេអូក្បត់ជាតិមួយ ដែលលោកធ្វើតាមសហរដ្ឋអាមេរិក ដើម្បីក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីការបោះឆ្នោត។
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ក្រោយការចាប់ខ្លួននេះ ដោយបានចាត់ទុកកាយវិការ និងសកម្មភាពរបស់មេបក្សប្រឆាំង តាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្មជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។
តាមរយៈសេចក្តីថ្លែងការណ៍នេះ រាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងទុកករណីនេះជូនតុលាការ ដើម្បីចាត់ការបន្ត៕