(ហ្វីលីពីន)៖ ធនាគារឯកទេស វីង (Wing) នៃកម្ពុជាត្រូវបានគណៈកម្មការពានរង្វាន់ ធុរៈកិច្ចអាស៊ានវាយតម្លៃ​ និងសម្រេចផ្តល់ជូននូវជ័យលាភីពានរង្វាន់ធុរៈកិច្ចអាស៊ាន (ASEAN BUSINESS AWARD) ប្រចាំឆ្នាំ២០១៧។

ការផ្តល់ពានរង្វាន់ជ័យលាភីដល់ធនាគារឯកទេស វីង នៃកម្ពុជា គឺប្រារព្ធធ្វើនាល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅទីក្រុងម៉ាលីន ប្រទេសហ្វីលីពីន ក្រោមវត្តមានអញ្ញើញចូលរួមជាអធិបតីភាពដោយ ឯកឧត្តម រ៉ូទ្រីហ្គោ ឌូទ័រតេ (Rodrigo Duterte) ប្រធានាធិបតីនៃប្រទេសហ្វីលីពីន រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំង១០ ព្រមទាំងមានការអញ្ជើញចូលរួមជាភ្ញៀវពីបណ្តាវិស័យឯកជនក្នុងតំបន់អាស៊ានផងដែរ។

លោកស្រី ម៉ៅ ចំណាន ភរិយាមហាសេដ្ឋី គិត ម៉េង គឺជាតំណាងធនាគារ វីង ក្នុងការឡើងទទួលពានរង្វាន់ធុរកិច្ចថ្នាក់អាស៊ានពីប្រធានាធិបតីហ្វីលីពីន។ ការទទួលបានពានរង្វាន់លំដាប់ថ្នាក់តំបន់នេះ គឺមិនត្រឹមបង្ហាញពីការជោគជ័យរបស់ធានាគារ វីង តែលើសពីនេះក៏បានរួមចំណែកលើកទង់ជាតិ និងលើកកិត្តិយសជាតិកម្ពុជានៅថ្នាក់តំបន់នៃប្រជាជាតិអាស៊ីផងដែរ។

សូមជម្រាបថា នេះគឺជាពានរង្វាន់ជ័យលាភីដែលបញ្ជាក់ថា ធនាគារឯកទេស វីង ទទួលបានជោគជ័យបំផុតក្នុងអាជីវកម្មនៅក្នុងអាស៊ាន។ ការផ្តល់ជូននូវពានរង្វាន់ធុរៈកិច្ចអាស៊ានឆ្នាំ២០១៧ដល់ធនាគារឯកទេស វីង ពីសំណាក់ប្រធានាធិបតីហ្វីលីពីន គឺផ្អែកលើលក្ខណៈសម្បត្តិដែលធនាគារ វីង មានសុក្រឹត្យភាព មានភាពច្បាស់លាស់ក្នុងការគ្រប់គ្រងអាជីវកម្មនិងការផ្តល់សេវាទៅកាន់អតិថិជនបានត្រឹមត្រូវ។ ជាងនេះទៅទៀត ធនាគារ វីង បានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍសហគមន៍សេដ្ឋកិច្ចអាស៊ានផងដែរ៕