(ពោធិ៍សាត់)៖ លោក នឹម ថូត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ម៉ៅ ធនិន អភិបាលខេត្ត នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែង ប្រធានមន្ទីរ ស.អ.យ ខេត្តពោធិ៍សាត់។
តាមប្រកាសលេខ ៩៦៣ ស.អ.យ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាន ត្រូវបានតែងតាំលោក អៀង ហុង ក្រមខ័ណ្ឌអនុមន្ត្រីថ្នាក់លេខ៤ ជាប្រធានមន្ទីរ ស.អ.យ ខេត្តពោធិ៍សាត់ ជំនួសលោក ញ៉ឹក សារ៉េត ដែលបានសម្រួលភារកិច្ចថ្មី។
លោក អៀង ហុង ប្រធានមន្ទីរ ស.អ.យ ខេត្តពោធិ៍សាត់ ដែលទើបតែងតាំងថ្មី បានធ្វើការបេ្តជ្ញាចិត្តថា នឹងខិតខំថែរក្សាចំណងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ពង្រឹងពង្រីកកិច្ចសហការល្អជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសខិតខំអនុវត្តឲ្យបាននូវរាល់កិច្ចការ ដែលថ្នាក់លើប្រគល់ជូនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ក្រោមការដឹកនាំរបស់លោក ញ៉ឹក សារ៉េត អតីតប្រធានមន្ទីរ វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងខេត្តត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់ ដើម្បីផ្តល់សេវាសង្គមកិច្ច ជូនដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសជនក្រីក្រ និងជនងាយរងគ្រោះ ហើយលោកក៏បានស្នើឲ្យប្រធានមន្ទីរថ្មី ខិតខំបំពេញការងារឲ្យបានល្អប្រសើរ ប្រកបដោយព្រហ្មវិហាធម៌ទាំង៤ ដល់មន្ត្រីក្រោមឱវាទ ក្នុងនាមឳពុកម្តាយរបស់គេ។
នៅក្នុងឱកាសនោះ លោក នឹម ថូត រដ្ឋលេខាធិការ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល និងស្នាដៃនានា ដែលមន្ទីរសង្គមកិច្ចខេត្តពោធិ៍សាត់ សម្រេចបាននាពេលកន្លងមកក្រោមការដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីរាជការទាំងអស់ រួមទាំងកិច្ចសហការល្អ ជាមួយមន្ទីរ និងអង្គភាពពាក់ព័ន្ធ នៅក្នុងខេត្ត។
លោក នឹម ថូត បន្តទៀតថា ដោយពិនិត្យលក្ខណៈសម្បត្តិរបស់មន្រ្តី នៃមន្ទីរសង្គមកិច្ចខេត្ត និង ដោយមានការស្នើពីលោកអភិបាលខេត្ត ក្រសួងបានឯកភាពតែងតាំង លោក អៀង ហុង ជាប្រធានមន្ទីរថ្មី ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាព នៃការដឹកនាំមន្ទីរ ជាពិសេសការជំរុញអនុវត្តគោលនយោបាយ និងផ្តល់សេវាសង្គមកិច្ចជូនដល់មុខសញ្ញាឲ្យបានឆាប់រហ័ស។
លោក នឹម ថូត រដ្ឋលេខាធិការ ក៏បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ជូនដល់ថ្នាក់ដឹកនាំមន្ទីរថ្មី ដែលទើបតែងតាំង និងមន្រ្តីរាជការក្រោមឱវាទរបស់មន្ទីរ ស.អ.យ ខេត្ត ហើយក៏សង្ឃឹមយ៉ាងមុតមាំថា លោកប្រធានដែលទើបតែងតាំងថ្មីនាពេលនេះ ត្រូវខិតខំរៀនសូត្រ ដកយកបទពិសោធន៍ និងគំរូលំនាំល្អៗ របស់ប្រធានមន្ទីរចាស់ ពិសេសគឺរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង រវាងមន្រ្តីរាជការទាំងអស់នៅក្នុងមន្ទីរ ក៏ដូចជាអង្គភាព និងមន្ទីរនានាជុំវិញខេត្ត ក្នុងគោលបំណងជំរុញការអនុវត្តគោលនយោបាយ ដែលពាក់ព័ន្ធ លើវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រកបដោយភាពជោគជ័យ តាមផែនការ និងទិសដៅ ដែលក្រសួងបានដាក់ចេញ៕