(បាត់ដំបង)៖ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧នេះ គណៈប្រតិភូក្រសួងផែនការដឹកនាំដោយលោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានចុះសួរសុខទុក្ខ និងជូនអំណោយដល់កងកម្លាំងនគរបាលជាតិសម្ព័ន្ធមេត្រីភាពវរៈសេនាតូចលេខ៣១០ និងលេខ៨២៣ ដោយមានការទទួលស្វាគមន៍ពីឧត្តមសេនីយ៍ទោ ម៉ៃ ឧត្តម ប្រធាននាយកដ្ឋាននគរបាលព្រំដែនគោក និងលោកវរសេនីយ៍ឯក អៀ វុត្ថា ស្នងការរងទទួលបន្ទុកព្រំដែន នៃស្នងការខេត្តបាត់ដំបងផងដែរ។

ថ្លែងក្នុងពិធីសំណេះសំណាលនេះផងដែរ លោកទេសរដ្ឋមន្រ្តី ឆាយ ថន បានកោតសរសើរដល់វីរភាពដ៏អង់អាចក្លាហាន បងប្អូនកងទ័ពឈរជើងការពារព្រំដែនរបស់យើង ដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី ការពារព្រំដែន ការពារអធិបតេយ្យភាពរបស់កម្ពុជា ការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ការពាររាជរដ្ឋាភិបាល ស្របច្បាប់ និងការពារព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈដ៍ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជនកម្ពុជានៃយើង។

សម្ភារបរិក្ខារ គ្រឿងឧបភោគ បរិភោគ ដែលបានពាំនាំមកជូននេះ សុទ្ធសឹងជាសណ្តានចិត្តទឹកចិត្តសប្បុរសរបស់មន្ត្រីរាជការ ក្រុមការងារសហភាពសហព័ន្ធយុវជនវិស័យផែនការ ព្រមទាំងថ្នាក់ដឹកនាំក្រសួងផែនការទាំងមូល ដើម្បីជាការតបស្នង ដឹងគុណ នូវវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជា ដែលបានពលី សាច់ស្រស់ ឈាមស្រស់ លះបង់គ្រប់បែបយ៉ាង សម្រាប់ព្រះរាជាណាចក្រកម្ពុជានៃយើង មានសុខសន្តិភាព ការអភិវឌ្ឍន៍ ការពារអធិបតេយ្យភាពរបស់កម្ពុជា និងដើម្បីបង្ហាញពីការរឹតចំណងមិត្តភាព សាមគ្គីភាព ការយកចិត្តទុកដាក់ ពីសមរភូមិក្រោយ ចំពោះសមរភូមិមុខ ដែលត្រូវតែមានទំនាក់ទំនងគ្នាយ៉ាងជិតស្និត មិនអាចកាត់ផ្តាច់បាន។

នៅក្នុងឱកាសនោះលោកទេសរដ្ឋមន្រ្តី ឆាយ ថន បានឧបត្ថម្ភថវិកាដល់២អង្គភាព ដោយ១អង្គភាពចំនួន៤លានរៀល នគរបាលចំនួន៣១០នាក់ ម្នាក់ៗ៣ម៉ឹនរៀល សាច់ក្រក៣៦០គីឡូក្រាម មី៣៦០កេសតូច និងឧបត្ថម្ភអធិការនគរបាលស្រុកសំឡូតចំនួន១លានរៀលផងដែរ៕