(ភ្នំពេញ)៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ច័ន្ទអូឆា បានអញ្ជើញដល់វិមានសន្តិភាពហើយ ទទួលបដិសណ្ឋារកិច្ច ដើម្បីជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង៩៖១៨នាទីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា អំឡុងពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា លោក ប្រាយុទ្ធ ច័ន្ទអូឆា មានជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន។ បន្ទាប់ពីនោះសម្តេចតេជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ ច័ន្ទអូឆា នឹងអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំចង្អៀត គណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃ លើកទី៣ ក្រោមមូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព»។

កិច្ចប្រជុំចង្អៀតគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃ លើកទី៣នេះ នឹងផ្ដល់មគ្គុទេសក៍ និងទិសដៅក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រសើរ ដែលនឹងផ្តល់ផលប្រយោជន៍ ថែមមួយកម្រិតទៀតដល់ប្រទេសទាំងពីរ។ នៅចុងបញ្ចប់នៃកិច្ចប្រជុំចង្អៀតគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃលើកទី៣នេះ សម្តេចតេជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ ច័ន្ទអូឆា នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនផងដែរ។

សូមបញ្ជាក់ថា អំឡុងពេលទស្សនកិច្ចនេះ នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញសម្ពោធសួនមិត្តភាពកម្ពុជា-ថៃ ស្ថិតនៅមុខស្ថានទូតអាមេរិក។ លោក ប្រាយុទ្ធ ច័ន្ទអូឆា ក៏នឹងជួបសំដែងការគួរសម ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងប្រធានព្រឹទ្ធសភាផងដែរ៕