(ភ្នំពេញ)៖ នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានរៀបចំកិច្ចប្រជុំពិភាក្សាដើម្បីកំណត់អាទិភាពសម្រាប់ភាពជាដៃគូប្រចាំប្រទេស (PCP) ក្រោមកិច្ចសហការរវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងអង្គការ សហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO ) នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ។ ថ្លែងក្នុងឱកាសនៃការបើកកិច្ចប្រជុំនេះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងពីសមិទ្ធិផលនៃជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក លី យ៉ុង អគ្គនាយកអង្គការ UNIDO ក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជាកាលពី ដើមខែមេសា កន្លងទៅ។ ក្នុងជំនួបនោះសម្តេចតេជោ បានស្វាគមន៍ និងចាប់អារម្មណ៌ខ្លាំងចំពោះគំនិតផ្តួចផ្តើមរបស់អង្គការ UNIDO ដែលបានបង្កើតនូវកម្មវិធីភាពជាដៃគូប្រចាំប្រទេស (PCP) ដោយជ្រើសរើសគុណសម្បត្តិនៃប្រទេសណាមួយ ដើម្បីបានចូលជាសមាជិក។

លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា កន្លងមក អង្គការ UNIDO បានជ្រើសរើសប្រទេសចំនួន ៣ ក្នុងការអនុវត្តកម្មវិធីខាងលើនេះ រួមមាន ប្រទេសអេត្យូពី សេណេហ្គាល់ និង ប្រទេស ប៉េរូ។ ដោយឡែកសម្រាប់តំបន់អាសុី អង្គការ UNIDO បានជ្រើសរើសប្រទេសកម្ពុជា ចូលជាសមាជិក PCP ជាមួយនិងប្រទេសកៀហ្សីុសុីស្ថាន តាមលក្ខណៈវិនិច្ឆ័យ ដោយក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការនេះ។ លោកទេសរដ្ឋមន្ត្រីបានបន្តថា កម្ពុជាពិតជាមានមោទនភាព និងកិត្តិយសណាស់ ក្នុងការចូលជាសមាជិក PCP នេះ ពីព្រោះវាមានអត្ថប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងឆ្លើយតបជាវិជ្ជមានទៅលើគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា។

ការអនុវត្តជោគជ័យនៃកម្មវិធីនេះ ពិតណាស់ត្រូវមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងត្រូវរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង ប្រតិបត្តិមួយ សមស្របសម្រាប់កិច្ចសហការការងារឲ្យទទួលបានជោគជ័យ និងប្រសិទ្ធិភាពខ្ពស់ ។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ សង្ឃឹមថាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះនឹងស្វែងយល់ ហើយនឹងផ្តល់ធាតុចូលសំខាន់ៗ ក្នុងបទឧទ្ទេសនាមរបស់ខ្លួន សម្រាប់ជាទុន ក្នុងកិច្ចប្រជុំទាំងមូល។

ក្នុងឱកាសនោះដែរ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) បានមានថ្លែងចាត់ទុក PCP ជាធាតុចូលដ៏សំខាន់ ដើម្បីពន្លឿនការអនុវត្ត និងធ្វើឲ្យសុីជម្រៅនូវលទ្ធផលជាវិជ្ជមាននៃការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា២០១៥-២០២៥ ដែលគោលនយោបាយនេះមានទិសដៅជាអាទិភាពមួយចំនួនដូចជា លើកកម្ពស់ការវិនិយោគក្នុងស្រុក, អភិវឌ្ឍទំនើបកម្មវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs), ជម្រុញទំនាក់ទំនងរវាងដៃគូក្នុងស្រុក និងការវិនិយោគផ្ទាល់ពីបរទេស, និងបង្កបរិយាកាសល្អប្រសើរសម្រាប់ការវិនិយោគ ការងារ និងការប្រកួតប្រជែងជាដើម។

ជាមួយគ្នានេះ លោក Steffen Kaeser និងលោក karl Schebesta តំណាង UNIDO បានលើកឡើងពីទំនាក់ទំនងរវាងកម្ពុជា និង UNIDO តាំងពីឆ្នាំ២០០២ ក្នុងកិច្ចសហការជាច្រើនលើវិស័យអភិវឌ្ឍធនធានមនុស្ស និងជំនួយបច្ចេកទេស ទាក់ទងវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចជាដើម។ ក្នុងបទឧទ្ទេសនាមតំណាង UNIDO បានលើកឡើងនូវគំនិតជាគោលបំណងរបស់ PCP នៅកម្ពុជា គឺដើម្បីរួមចំណែកការកាត់បន្ថយភាពក្រីក្រ ដោយការបង្កើតការងារ និងប្រាក់ចំណូល តាមរយៈការពន្លឿនកំណើនសេដ្ឋកិច្ច, ប្រមូលផ្តុំនូវគ្រប់ភាគីមកក្នុងវេទិកាពហុភាគី ដើម្បីសម្របសម្រួល និងធ្វើឲ្យប្រសើរឡើងនូវការចូលរួមចំណែករបស់ភាគីនីមួយៗ, ជាគំរូមួយដែល UNIDO បានអនុវត្តក្នុងអាណត្តិរបស់ខ្លួនសម្រាប់ការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ប្រកបដោយចិរភាព និងបរិយាប័ន្ន ។

ដោយឡែកកម្មវិធីប្រចាំនៅប្រទេសកម្ពុជារបស់UNIDO ពីឆ្នាំ២០១៦-២០២០ សម្រាប់មូលដ្ឋាន PCP រួមមាន ការអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្ម, ការពង្រឹងសក្តានុពលផ្នែកពាណិជ្ជកម្មនាំចេញ, ការអភិ វឌ្ឍន៍វិស័យ SME ប្រកបដោយបរិយាប័ន្ន និងគាំទ្រដល់ពលរដ្ឋក្រីក្រ, និងធានាការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ប្រកបដោយចិរភាព៕