(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំមួយ នៅវេលាម៉ោង១០៖០០ព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ដើម្បីពិនិត្យលើករណីលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ ។

ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ដែលបានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា កិច្ចប្រជុំនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បន្ទាប់ពីទទួលរបាយការណ៍ពីតុលាការ ក្នុងនោះមានរបៀបវារៈចំនួន៣ រួមមាន៖
ទី១៖ ពិនិត្យលើរបាយការណ៍តុលាការ ពាក់ព័ន្ធនឹងការចាប់ខ្លួន ឃាត់ខ្លួន និងឃុំខ្លួន លោក កឹម សុខា
ទី២៖ ពិនិត្យលើលិខិតរបស់តំណាងរាស្រ្តដែលមានហត្ថលេខីចំនួន៤៨រូប ស្នើឱ្យកោះប្រជុំវិសាមញ្ញ
ទី៣៖ គឺកំណត់ពេលដើម្បីបើកកិច្ចប្រជុំវិសាមញនេះតែម្តង
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅវេលាម៉ោងប្រមាណ ១២៖៣៥នាទីរំលងអាធ្រាត្រថ្ងៃទី០២ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបែកធ្លាយវីដេអូមួយបង្ហាញថា លោកបានអនុវត្តតាមការបញ្ជារបស់សហរដ្ឋអាមេរិក ដើម្បីដណ្តើមអំណាចពីរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ បានសម្រេចោទប្រកាន់ លោក កឹម សុខា ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះប្រឈមនឹងការដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ ហើយចៅក្រមស៊ើបសួរ ក៏បានសម្រេចឃុំខ្លួន លោក កឹម សុខា ដាក់ពន្ធនាគារជាបណ្តោះអាសន្នផងដែរ។
គិតតាំងពីថ្ងៃចាប់ខ្លួន រហូតដល់ពេលនេះ លោក កឹម សុខា ត្រូវឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ស្ថិតនៅ ខេត្តត្បូងឃ្មុំ៕