(ភ្នំពេញ)៖ គោរពតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពាក់ព័ន្ធនឹងស្ថានភាពកម្មករនៅតាមរោងចក្រ សហគ្រាសនោះ អាជ្ញាធរពាក់ព័ន្ធ តែងតែខិតខំយ៉ាងខ្លាំង លើការដោះស្រាយបញ្ហានានារវាងកម្មករ និងថៅកែរោងចក្រ។
ជាក់ស្ដែងជម្លោះរវាងកម្មករជាង៦០០នាក់ ជាមួយថៅកែរោងចក្រ «ណាន តាយ» ដែលបានអូសបន្លាយជាច្រើនថ្ងៃមកហើយនោះ ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរនៅយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ដោយថៅកែរោងចក្រ ព្រមទទួលយកកម្មករទាំង៦៦០នាក់ ឲ្យចូលធ្វើការវិញនៅព្រឹកស្អែក។
ការដោះស្រាយបញ្ចប់នេះ បន្ទាប់ពី លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ដោយមានការចូលរួមពី មន្រ្តីជំនាញ ក្រសួងការងារ អាជ្ញាធរចៅសង្កាត់រងទី២ ស្ទឹងមានជ័យទី៣ លោកមេភូមិ រួមទាំងសមាសភាពពាក់ព័ន្ធ បានចុះរកដំណោះស្រាយបញ្ចប់បញ្ហាវិវាទរវាង ភាគីកម្មករនិយោជិក និងភាគីនិយោជក ក្នុងរោងចក្រ «ណាន តាយ» ដែលមានទីតាំងស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបញ្ជាក់យ៉ាងច្បាស់ថា នៅក្នុងដំណោះស្រាយតាមលក្ខខណ្ឌការងាររួម រវាងភាគីនិយោជក របស់ក្រុមហ៊ុន «ណាន តាយ» ជាមួយភាគីកម្មករ កម្មការិនី ដែលជានិយោជិកបានឯកភាពគ្នាលើកំណត់ហេតុ ក្នុងកិច្ចប្រជុំ ក៏ដូចលើកិច្ចព្រមព្រៀងរវាង ភាគីនិយោជក និងភាគីនិយោជិក។
កិច្ចប្រជុំបានបញ្ចប់ប្រកបដោយក្តីរីករាយ និងស្និតស្នាលបំផុត នៅវេលាម៉ោង៧៖២៥នាទីយប់នេះ បន្ទាប់មកកម្មករ កម្មការនីរោងចក្រ «ណាន តាយ» បានថតរូបជាអនុស្សាវរីយ៍ ក៏ដូចជាការថ្លែងអំណរគុណនូវចំណាត់ការរបស់ អាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យ និងក្រសួងពាក់ព័ន្ធដែរ បានដោះស្រាយបានទាន់ពេលវេលាជូនកម្មករ ហើយនៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ស្អែកនេះ កម្មករទាំង៦៦០នាក់ នឹងបានចូលធ្វើការវិញ ដោយធម្មតាផងដែរ៕