(ទីក្រុងសេអ៊ូល)៖ សាធារណរដ្ឋកូរ៉េ បានផ្តល់នូវឥណទានសម្បទានប្រមាណជាង ១១.៥លានដុល្លារអាមេរិក សម្រាប់គម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ២១ ជំហានទី២ (តាខ្មៅ-ជ្រៃធំ) ដើម្បីបង្ហើយការសាងសង់ផ្លូវជាតិលេខ២១នេះ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាននេះ បានប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដោយលោក វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងខាងភាគីកូរ៉េ តំណាងដោយលោក Chang Young-hoon នាយកប្រតិបត្តិនៃ ធនាគារធនាគារនីហរ័ណ-អាហរ័ណកូរ៉េ នៅក្នុងឱកាសដែល សាធារណកូរ៉េកំពុងតែរៀបចំនូវខួបលើកទី៣០ នៃការបង្កើតមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) របស់ខ្លួន ដែលប្រព្រឹត្តទៅចាប់ថ្ងៃទី៥-៦ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដោយមានគណៈប្រតិភូមកពី បណ្តាប្រទេសជាច្រើនចូលរួម។

គម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ២១ ជំហានទី២ (តាខ្មៅ-ជ្រៃធំ) នេះ គឺជាការងារបន្តពីជំហានទី១ ចាប់ពី PK 55+000 ដល់ PK 63+440 មានប្រវែងសរុប ៨.៦គ.ម ដោយនឹងធ្វើការសាងសង់ជាផ្លូវ ២ គន្លង ទទឺង ១១ ម៉ែត្រ ជាប្រភេទ A/C ក្នុងនោះ មានស្ពានចំនួន ១១ កន្លែង ប្រវែងសរុប ៤២៣ ម៉ែត្រ ព្រមទាំងមានដាក់លូជ្រុង ០១ កន្លែង និងផ្លូវប្រសព្វ ០១ កន្លែង។ គួរបញ្ជាក់ដែរថា គម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ២១ ចាប់ពីរង្វង់មូលក្រុងតាខ្មៅ ដល់ជ្រៃធំ ខេត្តកណ្តាល មានប្រវែងសរុប ៦៣.៦ គ.ម ក្នុងនោះ ជំហានទី១ លើកំណាត់ផ្លូវប្រវែង ៥៥ គ.ម ចាប់ពី PK 0+000 ដល់ PK 55+000។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានរួមចំណែកផ្តល់ហិរញ្ញប្បទានដល់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា ដោយពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៧ (ត្រឹមខែសីហា) សាធារណរដ្ឋកូរ៉េបានសន្យាផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ទាំងហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា សរុបចំនួនប្រមាណ ៩៧៩ លានដុល្លារអាមេរិក ក្នុងនោះ ហិរញ្ញប្បទានឥតសំណងមានចំនួនប្រមាណ ២៩១.២១ លានដុល្លារអាមេរិក និងឥណទានសម្បទានមានចំនួនប្រមាណ ៦៨៧.៧១ លានដុល្លារអាមេរិក៕