(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ម៉េង សក្តិធារ៉ា បានបញ្ជាក់នៅរសៀលថ្ងៃទី៦ ខែកញ្ញានេះថា កម្ពុជានឹងទទួលបានចំណូល យ៉ាងតិច៥០០លានដុល្លារអាមេរិក ពីអណ្តូងប្រេងកាតអប្សរា នៃប្លុក A ប្រសិនបើកក្រុមហ៊ុន KrisEnergy សម្រេចអភិវឌ្ឍគម្រោងរបស់ខ្លួននោះ។
សូមបញ្ជាក់ថា ក្រុមហ៊ុន KrisEnergy មានរយៈពេល៦០ថ្ងៃ (ចាប់គិតពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧) ក្នុងការសម្រេចចិត្តចុងក្រោយថា តើនឹងខ្លួនវិនិយោគគម្រោង អភិវឌ្ឍអណ្ដូងប្រេងកាតអប្សរា ក្នុងប្លុក A ឬយ៉ាងណា។ ប្រសិនបើក្រុមហ៊ុនរុករកប្រេងដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីមួយនេះ សម្រេចថាខ្លួននឹងវិនិយោគនៅ អណ្តូងរ៉ែអប្សរានោះ គឺមានរយៈពេល២៤ខែ ឬ២ឆ្នាំទៀត ពោលគឺឆ្នាំ២០១៩ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងលេចរូបរាងឡើង។
ក្នុងសិក្ខាសាលាស្ដីពី ដំណើរឆ្ពោះទៅជាប្រទេសផលិតប្រេង នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ នៅអគ្គនាយកដ្ឋានប្រេងកាត លោក ម៉េង សក្តិធារ៉ា បានថ្លែងថា នៅក្នុងប្លុក A មានអនុតំបន់ ឬអណ្តូងប្រេងកាតចំនួន៧កន្លែងទៀត ប៉ុន្តែគម្រោងដំបូង គឺចាប់ផ្ដើមនៅអណ្តូងមួយឈ្មោះថា អប្សរា មុនគេសិន ក្រោយពេលក្រុមហ៊ុន បូមប្រេងឆៅនោះបានហើយ គេនឹងនាំចេញទៅលក់ ក្នុងទីផ្សារអន្តរជាតិ ដល់ពេលនោះកម្ពុជារំពឹងទុកថា នឹងទទួលបានប្រាក់ចំណូលយ៉ាងតិច៥០០លានដុល្លារអាមេរិក ពោលអាស្រ័យទៅតាមតម្លៃប្រេងលើទីផ្សារផងដែរ។
លោករដ្ឋលេខាធិការបន្តថា បច្ចុប្បន្នកម្ពុជាមិនទាន់មានលទ្ធភាពចម្រាញ់ប្រេងឆៅដោយខ្លួនឯងបានទេ ប៉ុន្តែមានក្រុមហ៊ុនចិនមួយបាន និងកំពុងសាងសង់រោងចក្រ ចម្រាញ់ប្រេងកាតនៅកម្ពុជាដែរ ប្រហែលជានៅឆ្នាំ២០២០ ទើបបញ្ចប់ដំណើរការសាងសង់ ដល់ពេលនោះរាជរដ្ឋាភិបាលកម្ពុជា នឹងគិតគូរបន្តទៀត ព្រោះរោងចក្រនេះ មិនមែនចម្រាញ់តែប្រេងដែលបូមក្នុងស្រុកទេ គោលដៅរបស់ពួកគេ គឺនាំប្រេងឆៅពីក្រៅស្រុក មកចម្រាញ់ជាផលិតផលសម្រេងចុងក្រោយនៅកម្ពុជា។
បើតាមលោក ម៉េង សក្តិធារ៉ា ក្រោយពេលកម្ពុជាមានសមត្ថភាពចម្រាញ់ប្រេង បានដោយខ្លួនឯងហើយ កម្ពុជានឹងមិនចាំបាច់នាំចូលប្រេងពីខាងក្រៅ១០០% ទៀតទេ ហើយកម្ពុជានឹងរក្សាបានសន្តិសុខថាមពលដោយខ្លួនឯង។
លោកបានបន្ថែមថា ក្រៅពីប្លុក A នៅប្លុកដទៃទៀត ដូចជាប្លុក B ប្លុក C ប្លុក D ក៏សុទ្ធតែមានសក្ដានុពលក្នុងការវិនិយោគ ហើយក៏មានអ្នកវិនិយោគចាប់អារម្មណ៍ដែរ ប៉ុន្តែទាស់ត្រង់ថា ពួកអ្នកវិនិយោគទាំងនោះ នៅមានការរេរែកចិត្ត ក្នុងការវិនិយោគជាមួយកម្ពុជា ដោយសារតែតម្លៃប្រេងកាតក្នុងទីផ្សារអន្តរជាតិធ្លាក់ចុះ និងមួយទៀត គឺការចរចាជាមួយកម្ពុជាមិនទាន់ ត្រូវរូវគ្នាថែមទៀតផង។ ប៉ុន្តែទោះជាយ៉ាងណាលោកជឿជាក់ថា បន្ទាប់ពីដំណើរការបូមប្រេងកាតចេញ ពីអណ្តូងអប្សរានេះទៅ ប្លុកប្រេងទាំងនោះនឹងត្រូវប៉ាន់ក្នុងការវិនិយោគបន្តទៀត។
គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន KrisEnergy កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ បានរួមសហការគ្នាឈានដល់ការចុះកិច្ចព្រមព្រៀង សម្រាប់ការអភិវឌ្ឍន៍ អណ្តូងប្រេងកាតនៅក្នុងប្លុង A នៃដែនសមុទ្រកម្ពុជា។ ជាមួយនឹងការចុះកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន KrisEnergy បានអះអាងថា នឹងធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសផលិតប្រេងកាតដូចបំណង។
នៅក្នុងកិច្ចព្រៀមព្រៀងនោះ រាជរដ្ឋាភិបាលកម្ពុជា កាន់កាប់ភាគហ៊ុនចំនួន៥ភាគរយ ចំណែកក្រុមហ៊ុន KrisEnergy កាន់កាប់ភាគហ៊ុន ៩៥%។
ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ចំណូលដែលនឹងទទួលបានពីវិស័យប្រេងកាតនេះ នឹងរួមចំណែកជំរុញដល់ការ អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ដោយផ្តោតលើវិស័យអាទិភាពចម្បង៤ គឺ ផ្លូវ ទឹក ភ្លើង និងមនុស្ស។
លោករដ្ឋមន្ត្រី បានថ្លែងថា «កម្ពុជាមានទិសដៅច្បាស់លាស់ នឹងមិនបណ្តោយខ្លួនឲ្យក្លាយជាប្រទេស ដែលពឹងផ្អែកលើចំណូលប្រេង និងឧស្ម័នជាចរន្តដង្ហើមស្លាប់រស់នៃសេដ្ឋកិច្ចទេ ប៉ុន្តែនឹងប្រើប្រាស់ចំណូលនេះ រួមចំណែកក្នុងការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច ដើម្បីធានាចីរភាព កំណើនក្នុងរយៈពេលមធ្យម និងវែង»៕