(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា វិស័យសាសនានៅប្រទេសកម្ពុជាសព្វថ្ងៃ​ មានការរីកចម្រើនយ៉ាងខ្លាំង ក្រោមដំបូលសន្តិភាពដែលកម្ពុជាទទួលបាន នាពេលបច្ចុប្បន្ននេះ ធ្វើឲ្យសាសនាទាំងអស់រស់នៅ ដោយសុខសប្បាយ មិនឈ្លោះទាស់តែងគ្នាដូចប្រទេសមួយចំនួន នៅលើពិភពលោក។ ទាំងនេះ​បានកើតចេញ ពីការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបាននាំនាវាកម្ពុជា ពីគ្មានសាសនាឲ្យមានសាសនាយ៉ាងច្រើននៅកម្ពុជា។

លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញធ្វើជាក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវវិហារឥស្លាម អាល់មូហាជីរីន ស្ថិតនៅភូមិបេងថ្មី ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ។

លោក ហ៊ុន ម៉ាណែត ថ្លែងយ៉ាងដូច្នេះថា ការចូលរួមនៅក្នុងវិស័យសាសនា គឺជាការបង្ហាញពីការរីកលូតលាស់ ខាងវិស័យសាសនាក្រោមដំបូលសន្តិភាពដែលធ្វើឱ្យមនុស្ស ធ្វើអំពើល្អ ស្រឡាញ់រាប់អានគ្នាដែលនេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់លើសាសនាផ្សេងៗនេះ គឺជាជោគសំណាងរបស់ប្រជាពលរដ្ឋខ្មែរ ដែលស្រឡាញ់គ្នាមិនរើសអើងគ្នា ហើយចូលរួមថែរក្សាសុខសន្តិភាពទាំងអស់គ្នា។ សូមឱ្យស្មារតី នៃការស្រឡាញ់រាប់អានគ្នានេះ ស្ថិតនៅក្នុងទឹកចិត្តប្រជាពលរដ្ឋខ្មែរជានិច្ច។ ការអប់រំបានលើកតម្កើនឱ្យយើងស្រឡាញ់គ្នា ហើយក៏ជាការផ្តល់ឱកាស និងជាការចូលរួមរបស់ប្រជាពលរដ្ឋ សាសនិកឥស្លាម ជាមួយរាជរដ្ឋាភិបាលនេះ គឺជាការចាក់គ្រឹះ យ៉ាងជ្រៅ ចំពោះការ រីកចម្រើនរបស់ប្រទេសជាតិការកសាងប្រទេស ទៅមុខទៀតគឺអាស្រ័យលើសន្តិភាពដែលពាក្យនេះមានន័យច្រើនណាស់ សម្រាប់ការរស់នៅ លែងមានភាពភ័យខ្លាច សម្រាប់ប្រជាពលរដ្ឋនិងមានជីវភាពធូរធា។

លោក ហ៊ុន ម៉ាណែត បានបន្តថា គណបក្សនយោបាយមួយបោះឆ្នោត មិនដែលឈ្នះគណបក្សប្រជាជនកម្ពុជាទេ ប៉ុន្តែទៅពឹងបរទេស និងបានធ្វើ បាតុកម្មប្រឆាំងផ្តួល រំលំរដ្ឋាភិបាលកម្ពុជាលោក កឹម សុខា បាននិយាយអួតពីខ្លួនឯងថា មានបរទេសជួយធ្វើផែនការយុទ្ធសាស្រ្តផ្តួលរំលំរដ្ឋាភិបាល តាមបែបយូហ្គស្លាវី។ ការធ្វើបែបនេះមិនខុសពីអតីតកាលសម័យ លន់ ណុល។ ប៉ុន្តែប្រទេសមានច្បាប់ គេធ្វើតាមច្បាប់ដើម្បីថែរក្សាសុខសន្តិភាព។

លោក ហ៊ុន ម៉ាណែត បានបន្តយ៉ាងដូច្នេះថា «យើងរស់នៅជាមួយគ្នា យើងស្រឡាញ់រាប់អានគ្នាជាយូរ មកហើយមិនឱ្យប្រេះឆាជាមួយគ្នាទេព្រោះពេល វេលាដែងយើង ខំកសាងជាយូរមកហើយប៉ុន្តែ បើយើងឈ្លោះគ្នានោះមិនដឹងថា ពេលណាយើងត្រូវគ្នានោះទេ។ ដូច្នេះយើងត្រូវថែរក្សា ទឹកចិត្តថែរក្សាស្រឡាញ់រាប់អានគ្នា អ្នកនយោបាយគួរតែប្រកួតប្រជែង តាមការបោះឆ្នោតកុំយកប្រជាពលរដ្ឋធ្វើបាតុកម្មផ្តួលរំលំរដ្ឋាភិបាល។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានយកជីវិតមកផ្សងហើយបោះបង់គ្រួសារដើម្បីស្វែង រកសុខសន្តិភាពបញ្ចប់សង្គ្រាមសម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិ។ រាជរដ្ឋាភិបាលបានខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសឡាវកុំ ឲ្យមានការពិបាកសម្រាប់ កូនចៅជំនាន់ក្រោយ។ ភាពក្លាហានរបស់សម្តេចតេជោ ធ្វើសម្រាប់ប្រជាពលរដ្ឋ និងប្រទេស ជាតិទាំងមូល។ សូមប្រជាពលរដ្ឋជឿទុកចិត្តចុះ សូមអរគុណបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមដែលបានជឿទុកចិត្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោហ៊ុន សែន៕