(ភ្នំពេញ)៖ ប្រតិកម្មទៅនឹងសេចក្តីប្រកាសរបស់ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងការចាប់ខ្លួនលោក កឹម សុខានោះ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍មួយថា ការចាប់ខ្លួន លោក កឹម សុខា គឺជាវិធានការស្របច្បាប់ ប៉ុន្តែវិធានការច្បាប់នេះ រួមទាំងសមិទ្ធផលរបស់រាជរដ្ឋាភិបាលផង ត្រូវបានគេមើលរំលង និងចោទប្រកាន់ដោយអយុត្តិធម៌។
សេចក្តីថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា បានធ្វើឡើងកាលពីម្សិលមិញបន្ទាប់ពី លោក Zeid Ra’ad Al Hussein (ហ្សេត រ៉ាត អាល់ ហ៊ូសេន) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានប្រកាសសម្តែងការព្រួយបារម្ភចំពោះការចាប់ខ្លួន លោក កឹម សុខា ដែលជាសមាជិករដ្ឋសភា និងបានរិះគន់ចំពោះការបិទសារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាលផងដែរ។
ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា បានពន្យល់ថា ការចាប់ខ្លួន លោក កឹម សុខា គឺយោងទៅលើបទល្មើសដែលបានប្រព្រឹត្តិជាក់ស្តែង ហើយបញ្ជាក់ថា បើតាមច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេសកម្ពុជា ឱ្យតែជាបទល្មើសជាក់ស្តែង សមត្ថកិច្ចមានសិទ្ធិចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួនជនប្រព្រឹត្តល្មើសបាន ដោយមិនចាំបាច់លើកអភ័យឯកសិទ្ធនោះទេ។
ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖«ការអនុវត្តន៍ច្បាប់ដោយអាជ្ញាធរស្របច្បាប់ស្របតាមនីតិវិធីច្បាប់ និងតុលាការលើបុគ្គលខាងលើ មិនមានអ្វីដែលត្រូវជាប់ជំពាក់ជាមួយនឹងការបិទប្រព័ន្ធផ្សព្វផ្សាយ និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតូចនោះទេ»។
ជាមួយនឹងប្រតិកម្មបែបនេះ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា សង្ខេបសេចក្តីទៅ គេសង្កេតឃើញជាញឹកញាប់ថា រាលពេលមានព្រឹត្តិការណ៍អ្វីមួយកើតឡើងនៅកម្ពុជា តែងតែមានការបំភ្លៃព្រឹត្តិការណ៍នោះ ឱ្យទៅជានយោបាយប្រឆាំងរដ្ឋាភិបាលកម្ពុជា ក្នុងការបំពេញកាតព្វកិច្ចស្របច្បាប់របស់ខ្លួន។ ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការលើគណៈរដ្ឋមន្ត្រីរបស់ខ្លួនក្នុងការអនុវត្តច្បាប់ និងបទបញ្ជាវិញនោះវិញ គេនឹងសរសើរថារដ្ឋាភិបាលធ្វើការបានល្អ ផ្ទុយទៅវិញប្រសិនបើជនសង្ស័យ គឺជាសមាជិកនៃគណបក្សប្រឆាំង ឬជានីតិបុគ្គលផ្សេងទៀត ដែលមិនពេញចិត្តនឹងគោលនយោបាយ និងការអនុវត្តកាតព្វកិច្ចរបស់រដ្ឋាភិបាលនោះ ពេលនោះគេនឹងរិះគន់រដ្ឋាភិបាលខ្មែរថា មានភាពលំអៀង រឹតបន្តឹងសេរីភាពខាងការបញ្ចេញមតិ គំនិត សារព័ត៌មាន និងការចោទប្រកាន់ផ្សេៗងទៀត។ ជាលទ្ធផល វិធានការណ៍ស្របច្បាប់ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលត្រូវបានគេមើលរំលង និងត្រូវបានគេរំពៃករនឹកចោទប្រកាន់រាជរដ្ឋាភិបាលដោយអយុត្តិធម៌៕