(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងពាណិជ្ជកម្ម មានការចុះអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យម៉ាក និងការកសាងម៉ាកយីហោ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយរដ្ឋបាលជាតិឧស្សាហកម្ម និងពាណិជ្ជកម្មចិន។
ពិធីចុះអនុស្សារណៈបានប្រព្រឹត្តិទៅដោយមានការអញ្ជើញចូលរួមជាសាក្សីពីសំណាក់លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ា ហ្សិងគី (Ma Zhengqi) អនុរដ្ឋមន្ត្រីនៃរដ្ឋបាលជាតិឧស្សាហកម្ម និងពាណិជ្ជកម្មចិន។
គោលបំណងនៃការផ្តួចផ្តើមឲ្យមានការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែទូលំទូលាយ ដោយឈរលើមូលដ្ឋានស្មើភាព និងផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក នៅលើវិស័យម៉ាក និងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ព្រមទាំងជំរុញការកសាងម៉ាកយីហោកាន់តែច្រើន នៅក្នុងប្រទេសកម្ពុជា និងចិន។ បន្ថែមលើនេះ អនុស្សរណៈនេះ ក៏មានគោលបំណងធ្វើឲ្យប្រសើរឡើងនូវការអនុវត្តកម្មសិទ្ធិបញ្ញា តាមរយៈការការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងផលិតករឲ្យកាន់តែមានប្រសិទ្ធភាព។
តាមរយៈអនុស្សរណៈនេះ ប្រទេសទាំងពីរនឹងធ្វើការចែករំលែកលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធកម្មសិទ្ធិបញ្ញា ព្រមទាំងធ្វើទស្សនកិច្ចសិក្សាពីគ្នាទៅវិញទៅមក ដើម្បីដកស្រង់បទពិសោធន៍នៅលើវិស័យកម្មសិទិ្ធបញ្ញា និងការពង្រឹងកិច្ចការពារម៉ាកពាណិជ្ជកម្ម។ លើសពីនេះ
ប្រទេសចិនក៏នឹងជួយបណ្តុះបណ្តាលធនធានមនុស្ស លើផ្នែកត្រួតពិនិត្យម៉ាកដល់ប្រទេសកម្ពុជា និងជួយជំរុញឲ្យមានការតាំងពិព័រណ៍ផលិតផលខ្មែរ ក៏ដូចជាការកសាងម៉ាកយីហោរបស់កម្ពុជានៅលើទីផ្សារបន្ថែមទៀត៕