(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកម្មករនិយោជិតសរុបជាង ១០,៤៦១ នាក់នៅសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ ដោយសម្តេចនាយករដ្ឋមន្ត្រីបានថា ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូន គឺនឹង ទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈពេល៣ខែហើយ នៅទទួលបានប្រាក់ខែ ១២០%។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសជូន ដំណឹងដល់បងប្អូនកម្មការនី អំពីអត្ថប្រយោជន៍មួយទៀត ដែលនឹងទទួលបានពីបេឡាសង្គមគឺ: ចំពោះស្រ្តី សម្រាលកូនទោះក្នុងប្រព័ន្ឋ ឬក្រៅប្រព័ន្ឋដែលសម្រាលបានកូនម្នាក់ គឺទទួលថវិកា៤០ម៉ឺនរៀល។ បើសម្រាលបានកូនភ្លោះ គឺទទួលបាន ថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូនភ្លោះ៣ គឺទទួលបានថវិកា១លាន២សែនរៀល ហើយ បូកប្រាក់ឧបត្ថម្ភមួយចំនួនបន្ថែមទៀតពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ថវិកានេះនឹងផ្តល់ជូនដោយបេឡាសន្តិសុខសង្គម របស់រាជរដ្ឋាភិបាលដែលនឹងត្រៀម ថវិកាប្រមាណ១០លានដុលារ ក្នុង១ឆ្នាំៗ ដើម្បីជួយគាំពារស្រ្តីសម្រាលកូន។ ទោះបីកូននោះកើតរស់ឬ ស្លាប់គឺនៅទទួលបានថវិកាគាំពារដូចគ្នា។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានស្វាគមន៍ចំពោះផែនការនេះ ដោយលោកបានលើកឡើងថា ការយកចិត្តទុកដាក់បន្ថែមទៀត ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាភាគីពាក់ព័ន្ឋលើបងប្អូនកម្មករនយោជិក គឺជារឿងមួយដ៏ល្អលើការថែទាំសុខមាលភាព ដើម្បីជាការលើកទឹកចិត្តដល់កម្មករកម្មារនីកាន់ តែបង្កើននូវគុណភាពការងាររបស់ខ្លួន កាន់តែប្រសើរថែមទៀត ។

លោក កាំង បានថ្លែងយ៉ាងដូច្នេះថា៖ «យើងសូមអរគុណដល់សម្តេច ចំពោះការយកចិត្តទុកដាក់ចំពោះ កម្មករនិយោជិតរបស់យើង និងសូមសម្តែងការអបអរសាទរចំពោះកម្មករនិយោជិតរបស់យើង ចំពោះការទទួលបាននូវអត្ថប្រយោជន៍ កាន់តែច្រើនពីមូលនិធិបេឡាសន្តិសុខសង្គម ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ពួកគេ»