(ភ្នំពេញ)៖ កម្មករ កម្មការិនី សិស្ស និស្សិត និងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល នឹងទទួលបានតម្លៃទឹកទាបជាងមុន នៅក្នុងការអនុវត្តន៍ទឹកស្អាត ជំហ៊ានទី២ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលជាការចូលរួមកាត់បន្ថយនូវចំណាយមួយចំនួន ដើម្បីឲ្យប្រជាពលរដ្ឋស្នាក់នៅផ្ទះជួល មានជីវភាពប្រសើរជាងមុន។

លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថ្លែងលើកឡើងនៅក្នុងពិធីផ្សព្វផ្សាយ គោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការបញ្ចុះថ្លៃទឹកស្អាត ជូនតំណាងចែកចាយទឹកស្អាតបន្ត ដល់កម្មករ កម្មការិនី សិស្ស និងនិស្សិត ស្នាក់នៅតាមបន្ទប់ជួល ដែលប្រារព្ធធ្វើឡើងនៅក្នុងវត្តជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧។

លោកថា យោងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការចុះអនុវត្តន៍ភ្ជាប់បណ្តាញទឹកស្អាត ជូនប្រជាពលរដ្ឋដែលស្នាក់នៅផ្ទះជួល នៅក្នុងឆ្នាំ២០១៥ មកដល់ពេលនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះតបណ្តាញទឹកស្អាត និងដាក់កុងទ័រជូនប្រជាពលរដ្ឋបានជាច្រើន ក្នុងខណ្ឌទាំងអស់នៅរាជធានីភ្នំពេញ។

លោកបន្តឲ្យដឹងថា «ពាក់ព័ន្ធនឹងការអនុវត្តន៍ការ ចុះតបណ្តាញទឹកស្អាតជំហ៊ានទី២នេះ គឺមានការបញ្ចុះថ្លៃ ទឹកស្អាតបន្ថែមទៀត ក្នុងនោះសម្រាប់ម្ចាស់ផ្ទះជួល ត្រូវលក់ទឹកស្អាតនៅត្រឹម៧០០រៀល ក្នុងមួយម៉ែត្រគូប នឹងការតបណ្តាញចូលទៅបន្ទប់ជួល ក្នុងតម្លៃត្រឹមតែ៨០០រៀល ក្នុងមួយម៉ែត្រគូបតែប៉ុណ្ណោះ ដែលជាតម្លៃថោកជាង ថ្លៃដើមនៃការផលិតទឹកស្អាត របស់រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ»

លោកអគ្គនាយកបានបញ្ជាក់ថា នៅក្នុងការអនុវត្តជំហ៊ានទី១កន្លងមក រដ្ឋាករទឹកស្វយ័តក្នុងភ្នំពេញ បានចំណាយថវិកាជិត៧០ម៉ឺនដុល្លារ។ ចំណែកការអនុវត្តន៍នៅក្នុងជំហ៊ានទី២នេះ រដ្ឋាករទឹកគ្រោងចំណាយថវិកាប្រមាណជិត៦០ម៉ឺនដុល្លារបន្ថែមទៀត ដើម្បីជំរុញឲ្យប្រជាពលរដ្ឋរស់នៅតាមបន្ទប់ជួល មានទឹកស្អាតប្រើប្រាស់ ជាទឹកដែលមានគុណភាព សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់៕