(ព្រះវិហារ)៖ ឈើគ្រញូងចំនួន២៤៥ដុំ ស្មើនិង១៣១៧គីឡូក្រាម ត្រូវបានកម្លាំងយោធាសឹករងខេត្តព្រះវិហារ ធ្វើការបង្រ្កាបបាន ខណៈដែលពលរដ្ឋ ចំនួន២៨នាក់ ស្ពាយចេញពីទឹកដីថៃដោយខុសច្បាប់។
លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧នេះថា ដោយអនុវត្តន៍តាមការណែនាំពី លោកមេបញ្ជាការយោធភូមិភាគទី៤ ក៏ដូចជាការណែនាំពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ស្តីពីការទប់ស្កាត់ពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ ចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ ដែលកន្លងមក តែងមានគ្រោះថ្នាក់ផ្សេងៗនោះ លោកបានដាក់ផែនការឲ្យកម្លាំងយោធារបស់លោក ដែលឈរជើងនៅតាមព្រំដែននៅឃុំឈើទាល ស្រុកជាំក្សាន្ត ត្រូវតែមានការទប់ស្កាត់ឲ្យបានចំពោះបញ្ហានេះ។
ជាក់ស្តែង កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ កងអនុសនាធំទី២នៃវរៈ៤០៥ ឈរជើងនៅចំណុចព្រលានស្រទុំ បានចាត់តាំងកម្លាំង៨នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន ស្រួន មេគ២ ចេញល្បាតពួនស្ទាក់ឃាត់ខ្លួន កម្មករបាន២៨នាក់ និងឈើគ្រញូង245ដុំ កាលពីវេលាម៉ោង១២៖២០នាទី យប់ ហើយក៏បានបញ្ជូនទាំងឈើ និងកម្មករមកកន្លែងគ២ ស្របពេលនោះកម្មករបានលួចរត់គេចខ្លួនបាត់។
លុះព្រឹកថ្ងៃទី៥ ខែកញ្ញា កន្លងទៅនេះ កម្លាំងយោធាបានដឹកជញ្ជូនឈើមកប្រគល់ឲ្យមន្រ្តីរដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ត តែត្រូវបានរារាំងដោយក្រុមប្រជាពលរដ្ឋមួយក្រុម។
លោកមេបញ្ជាការសឹករងខេត្ត បានបន្តថា ស្របពេលមានពលរដ្ឋរារាំង លោកបានរាយការណ៍ប្រាប់លោកអភិបាលខេត្ត ពេលនោះលោកអភិបាលខេត្ត ឲ្យកម្លាំងអាវុធហត្ថស្រុក និងនគរបាលស្រុកអន្តរាគមន៍ តែមិនអាចទៅរួច ហើយលោកក៏រាយការណ៍ទៅអភិបាលខេត្ត។ លោកអភិបាលខេត្ត បានឲ្យបន្ថែមកម្លាំងយោធា១០០នាក់បន្ថែមទៀត ធ្វើយ៉ាងណាឲ្យការងារបង្ក្រាបនេះ ទទួលបានជោគជ័យ ដោយឃើញកម្លាំងប្រដាប់អាវុធច្រើនបែបនេះ ប្រជាពលរដ្ឋ បានដកថយ ហើយក៏បាននាំឈើគ្រញូងមកប្រគល់ឲ្យជំនាញ ដើម្បីចាត់ការតាមច្បាប់។
ដោយឡែកលោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលក្រុងព្រះវិហារ បានកោតសរសើរ ដល់កងកម្លាំងយោធា សឹករងខេត្ត ពិសេសេលោកឧត្តមសេនីយ៍ត្រី ចន្ទ័ សុភក្ត្រ័ា ដែលបានដឹកនាំបញ្ជាឲ្យការងារបង្ក្រាបនេះ ទទួលបានជោគជ័យ។ លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា «ទោះបីប្រើវិធានការណាក៏ដោយ ធ្វើម៉េចឲ្យទទួលបានជោគជ័យ ហើយលោកជាអ្នកទទួលខុសត្រូវ លើនេះបើបង្ក្រាបមិនបានទេ លើកក្រោយ ក៍យើងបង្ក្រាបមិនបានដែរ និយាយរួមមិនអនុញ្ញាតឲ្យចំណុចច្រកអានសេះ ឃុំឈើទៀលគងនេះជាតំបន់អប្បគមន៍នោះទេ»៕