(កណ្តាល)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ប្រទេសកូរ៉េខាងត្បូង ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋខ្មែរ ដើម្បីទ្រទ្រង់សុខភាពកុមារ និងមនុស្ស​ចាស់ជរា និងពន្យល់ណែនាំពីរបៀបថែរក្សាសុខភាពដល់បងប្អូនដោយឥតគិតថ្លៃ នៅភូមិអណ្តូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧នេះ។

លោក Jung Mae Jin ប្រធានក្រុមដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះទៅពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋឃុំក្រាំងយ៉ូវ ធ្វើឲ្យអាជ្ញាធរឃុំ និងប្រជាពលរដ្ឋ មានការសប្បាយចិត្តយ៉ាងខ្លាំង ថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យទាំងអស់ផងដែរ។ រយៈពេលពីរថ្ងៃមកហើយដែលលោក ចុះមកពិនិត្យ និងផ្តល់ថ្នាំព្យាបាលជំងឺប្រជាជនកម្ពុជា នៅក្នុងឃុំក្រាំងយ៉ូវនេះ ហើយប្រជាពលរដ្ឋនៅឃុំក្រាំងយ៉ូវ ភាគច្រើនមានជំងឺសើស្បែក និងរលាគតាមសន្លាក់ឆ្អឹង ចំណែកកុមារតូចៗ ភាគច្រើនមានជម្ងឺគ្រុនក្តៅ និងរលាគផ្លូវដង្ហើម។ លោក Jung Mae Jin បានសន្យាថានឹងមកបន្តទៀត បើសិនជាមានការស្នើសុំពីប្រជាជនកម្ពុជានៅទីនេះ ។

សកម្មភាពមនុស្សធម៌នេះ រួមមានសេវាពិនិត្យព្យាបាលផ្នែកត្រចៀក ច្រមុះ ភ្នែក ផ្នែកសម្ភព និងកុមារ ផ្នែកជំងឺសើស្បែក និងផ្នែកវះកាត់ និងសន្លាក់ ដែលទទួលបានសេវានេះ។

លោកបានគូសបញ្ជាក់ថា ចំពោះការពិនិត្យ និងព្យាបាលជំងឺ នាពេលនេះ គឺជាស្មារតីមនុស្សធម៌ ដោយពុំមានការរើសអើងពូជសាសន៍ និងនិន្នាការនយោបាយឡើយ ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺនេះ ឱ្យបានគ្រប់ៗគ្នា។

លោក ឌឹប សៅ ជំទប់ទី១ ឃុំក្រាំងយ៉ូវ បានថ្លែងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ បានមកព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅឃុំក្រាំងយ៉ូវ រយៈពេលពីរ ថ្ងៃមកហើយដោយមិនយកលុយទេ ហើយការចុះមកព្យាបាលនេះ គឺតាមរយៈលោក ទី សុគន្ធ ប្រធានក្រុមការងារចុះជួយឃុំក្រាំងយ៉ូវ។ លោកថា លោកសប្បាយចិត្តណាស់ ដែលក្រុមគ្រូពេទ្យកូរ៉េមកព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅឃុំគាត់។

លោកបានស្នើសុំដល់ក្រុមគ្រូពេទ្យកូរ៉េ ជួយព្យាបាលប្រជាពលរដ្ឋនៅឃុំក្រាំងយ៉ូវ បន្តទៀតពលរដ្ឋបានអញ្ជើញទៅពិនិត្យនៅទីនោះបាននិយាយថា គាត់សប្បាយចិត្តណាស់ដោយ មានក្រុមគ្រូពេទ្យកូរ៉េមកពិនិត្យនិងព្យាបាលជំងឺជូនពួកគាត់ដោយមិនយកលុយបែបនេះព្រោះពួកគាត់ចង់ទៅរកពេទ្យ ដែរតែកក្តាជីវភាពមិនអាចទៅបាន តែពេលនេះក្រុមគ្រូពេទ្យកូរ៉េមកពិនិត្យទើបគាត់អាចដឹងពីសុខភាពគាត់ហើយថែមទាំងបានថ្នាំយកទៅហូប ព្យាបាលខ្លួនផងដែរ៕