(កំពង់ធំ)៖ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ដែលត្រូវនឹងថ្ងៃកាន់បិណ្ឌទី១ ឃើញថាមានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាសម្រុកទៅវត្តវ៉ា ដើម្បីប្រារព្ធពិធីកាន់បិណ្ឌ តាមទំនៀម ទំលាប់របស់ប្រពៃណីជាតិខ្មែរ ដើម្បីឧទិសឧទ្ទិសមហាកុសលផលបុណ្យ បញ្ជូនទៅដល់មាតា បិតា ញាតិកាទាំង ៧សន្តាន ដែលបានបាក់បែកចែកឋាន ទៅកាន់លោកខាងមុខ ដើម្បីឱ្យទៅចាប់បដិសន្ធិនៅឋានបរមសុខ។
ជាក់ស្ដែងនាថ្ងៃកាន់បិណ្ឌទី១នេះលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី ខៀវ ស៊ីណា ព្រមទាំងមន្រ្ដីធនាគារជាតិនៃកម្ពុជាទាំងអស់ បាននាំយកគ្រឿង ឧបភោគ បរិភោគ ភេសជ្ជៈ រួមទាំងបច្ច័យចំនួន ៧,៩០០,០០០រៀល សម្រាប់ចូលរួមពិធីបុណ្យកាន់បិណ្ឌ ព្រមទាំប្រគេនដល់ចៅអធិការវត្តសង់ឃ្លាំង ស្រុកសន្ទុក ខេត្តកំពង់ធំ និងព្រះសង្ឃ២៥អង្គ ដោយក្នុងមួយអង្គៗទទួបានស្លាដក់១ បច្ច័យចំនួន១០ម៉ឺនរៀល និងយាយជី តាជីចំនួន២០០នាក់ ដោយម្នាក់ៗទទួលបាន១ម៉ឺនរៀលផងដែរ។
ក្នុងនោះដែលក៏បានឃើញ ប្រជាពលរដ្ឋក្នុងស្រុកសន្ទុកទាំងអស់ បាននាំគ្នាយកចង្ហាន់បិណ្ឌបាត បច្ច័យប្រគេនដល់ព្រះសង្ឃ ដើម្បីឧទិ្ទសមហាកុសលផលបុណ្យ បញ្ជូនទៅដល់មាតាបិតា និងញាតិកាទាំង៧សន្ដាន។
សូមបញ្ជាក់ថា នៅថ្ងៃ១រោចនេះ ខែភទ្របទ មានប្រជាពុទ្ធ បរិស័ទ និងប្រជាពលរដ្ឋមកពី គ្រប់ទិសទី បានរួបរួមគ្នាធ្វើបុណ្យកាន់បិណ្ឌ តាមទំនៀម ទំលាប់របស់ប្រពៃណីជាតិខ្មែរ ។ នៅក្នុងរយៈពេលកាន់ បិណ្ឌ១៤ថ្ងៃនេះ ពុទ្ធបរិស័ទបានប្រជុំចែកវេណគ្នា ចាប់ពីថ្ងៃ១រោច ដែលជាបិណ្ឌទី១រហូតដល់ថ្ងៃកាន់បិណ្ឌទី១៤ ហើយនៅក្នុង កំឡុងកាន់បិណ្ឌនេះ នៅពេលល្ងាចគឺមាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និង និមន្តព្រះសង្ឃសម្តែងព្រះធម៌ទេសនា លុះព្រឹកឡើងថ្ងៃ២រោច វេលាម៉ោង៤ទៀបភ្លឺ និមន្តព្រះសង្ឃសូត្របរាវសូត្រ និងបោះបាយបិណ្ឌម៉ោង៧ និង៣០នាទីព្រឹក ប្រគេនចង្ហាន់ដល់ព្រះសង្ឃ និង រាប់បាត្រ រៀងរាល់ថ្ងៃរហូតដល់បិណ្ឌទី១៤ ។
រីឯថ្ងៃ១៥ រោជ ជាថ្ងៃភ្ជុំបិណ្ឌ ជាថ្ងៃដែលប្រជាពុទ្ធបរិស័ទ មកពីទីជិតឆ្ងាយចូលរួមបុណ្យនៅតាមវត្តអារាមដែលជាស្រុកកំណើតរបស់ខ្លួន និងដើម្បីបានជួបជុំឪពុក ម្តាយ បងប្អូប មីងមានជាពិសេសបានធ្វើបុណ្យឧទិសមផលជូនដល់ជីដូនជីតា មាតា បិតា ដែលបានចែកឋានទៅកាន់ លោកខាងមុខសូមឲ្យលោកបានទៅកាន់ឋានសុគតិភព កុំបីអាក់ខានឡើយ៕