(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ស៊ លីណា បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនបរទេស៣នាក់ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ក្រោយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ឃាត់ខ្លួននៅព្រលានយន្តហោះភ្នំពេញ ដកហូតថ្នាំជាង១គីឡូក្រាម ដែលបង្កប់ក្នុងឆ្អឹង និងបាតវ៉ាលិស។

សូមបញ្ជាក់ថា ជនបរទេស៣នាក់ទាំងនេះ ត្រូវបានកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងឃាត់ខ្លួននៅ២ទីតាំង គឺព្រលានយន្តហោះភ្នំពេញ និងមួយទីតាំងទៀត នៅមុខសណ្ឋាគារសំណាងល្អភ្នំពេញ ក្នុងខណ្ឌចំការមន ដោយដកហូតបានថ្នាំញៀនជាង១គីឡូក្រាម ដែលជនសង្ស័យបង្កប់ក្នុងឆ្អឹង និងបាតវ៉ាលិស។

លោកវរសេនីយ៍ឯក អ៊ិន សុង សេនាធិការនៃមន្ទីរប្រឆាំងគ្រឿងញៀន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ រួមមានបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ និងស្ត្រីជនជាតិថៃ និង អាមេរិក២នាក់ សុរប៣នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យរដ្ឋបាល-សរុប(ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងជំនាញគយ កម្លាំងនគរបាលអន្ដោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធប្រចាំការ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ក្រោមការដឹក នាំសម្របសម្រួលពីសំណាក់ លោក សៀង សុខ ព្រះរាជអាជ្ញារង បានបើកកិច្ចប្រតិបត្តិការ បង្រ្កាបករណីដឹកជញ្ជូន ឆ្លងដែនដោយខុសច្បាប់ពីប្រទេសប្រេស៊ីលមកកម្ពុជា ឆ្លងកាត់ ABABA, និង HONG KONG គោលដៅចុងក្រោយ ទៅប្រទេសថៃ នៅចំណុចច្រកដំណើរមកដល់ នៃអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌ ពោធិ៍សែនជ័យ និងនៅចំណុចមុខសណ្ឋាគារសំណាងល្អភ្នំពេញ ផ្លូវលេខ៣០៤ ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯកបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ ដោយចាប់យកវត្ថុតាង ម្សៅសារ ធាតុញៀនប្រភេទកូកាអ៊ីន (Cocaine) ទម្ងន់១២៣៧.៥ក្រាម ដែលលាក់បង្កប់ក្នុងឆ្អឹងនិងបាតវ៉ាលិស ចំនួន១វ៉ាលិស និងសម្ភារមួយចំនួនទៀត៕