(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ បានថ្លែងប្រតិកម្ម ទៅក្រុមអ្នករិះគន់ រឿងរាជរដ្ឋាភិបាល សុំជំនួយពីបរទេសនោះថា ជំនួយដែលសម្តេចប្រឹងសុំពីបរទេសមិនមែន សុំមកបង្ហើយផ្ទះរបស់សម្តេចនោះទេ គឺសុំមកដើម្បីសាងសង់ប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធនានាសម្រាប់អភិវឌ្ឍន៍ និងដើម្បីប្រជាជនកម្ពុជាតែប៉ុណ្ណោះ។

ការថ្លែងប្រតិកម្មរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញ ជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង១ម៉ឺននាក់ នៅសួនឧស្សាហកម្ម កាណាឌីយ៉ា ស្ថិតតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧។

សម្តេចតេជោ ហ៊ុន​ សែន បានថ្លែងយ៉ាងដូច្នេះថា «មនុស្សមួយចំនួន មកតាំងខ្លួនជាអ្នកទាមទារឲ្យ មានការដំឡើងប្រាក់ខែ ប៉ុន្តែក្នុងពេលដែលពួកគេ បានទៅស្នើសុំកុំឲ្យ បរទេសមកវិនិយោគ បានទៅទាមទារឲ្យប្រទេសដទៃ រហូតដល់គេប្រកាសក្នុង Facebook របស់គេថាជាជោគជ័យខ្លាំងណាស់ដែលសហភាពអឺរ៉ុប នឹងពិចារណាឈប់ទិញ សម្លៀកបំពាក់ពីកម្ពុជា គេចាត់ទុកថាជាជោគជ័យទៅវិញ ទង្វើក្បត់ផលប្រយោជន៍ ជាខ្លួនឯងបែបនេះ តើប្រជាជនយល់យ៉ាងម៉េច?។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំបានធ្វើជាមួយនឹងសហការី ក្នុងគណបក្សប្រជាជន តាំងពីដើមរហូតដល់ចប់ រហូតដល់គេប្រើពាក្យថាលោក ហ៊ុន សែន ពូកែសុំ តែខ្ញុំមិនបានសុំយកទៅបង្ហើយផ្ទះបាយ របស់ខ្ញុំទេ ខ្ញុំសុំដើម្បីជាតិរបស់ខ្ញុំ ដើម្បីអនាគតប្រជាជន របស់ខ្ញុំតែប៉ុណ្ណោះ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ដើម្បីឲ្យបរទេសមកវិនិយោគនៅកម្ពុជា សម្តេចបានខិតខិតប្រឹងប្រែង និយាយពន្យល់វិនិយោគិន និងបានកែសម្រួលបរិយាកាសវិនិយោគ ក្នុងប្រទេសឲ្យបានល្អ តាមរយៈការកសាងច្បាប់ ការកសាងលិខិតបទដ្ឋាននានា ការពង្រឹងស្ថាប័ន ការបណ្តុះបណ្តាលធនធានមនុស្ស រួមទាំងខិតខំកសាងផ្លូវ កសាងកំពង់ផែ ព្រលានយន្តហោះ និងបញ្ចុះតម្លៃអគ្គិសនីជាដើម៕