(ភ្នំពេញ)៖ អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី៦ ខែកញ្ញានេះថា ពាក់ព័ន្ធករណីអគ្គនាយកដ្ឋានពន្ធដារ ប្តឹងកាសែត Cambodia Daily រឿងគេចវេសការបង់ពន្ធរយៈពេល១០ឆ្នាំ ទឹកប្រាក់ជាង៦លានដុល្លារនោះ អយ្យការសាលាដំបូងរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងរួចហើយ និងកំពុងពិនិត្យតាមនីតិវិធី។

លោក លី សុផាណា បានបញ្ជាក់យ៉ាងដូច្នេះថា «អយ្យការបានទទួលពាក្យបណ្តឹង និងកំពុងពិនិត្យតាមនីតិវិធី»

សូមជម្រាបថា អគ្គនាយកដ្ឋានពន្ធដារ ដែលដឹកនាំដោយលោក គង់ វិបុល បានសម្រេចដាក់ពាក្យបណ្តឹងប្តឹងកាសែតបរទេស Cambodia Daily ដោយប្តឹងផ្ទាល់ ចំពោះថ្នាក់ដឹកនាំនៃកាសែតមួយនេះ ចំនួន៣រូបមាន ម្ចាស់ស្ថាប័ន, បណ្ណាធិការ និងចាងហ្វាយការផ្សាយកាសែត Cambodia Daily ចំពោះការគេចវេស មិនបង់ពន្ធជូនរដ្ឋ។ នេះបើយោងតាមពាក្យបណ្តឹង របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧។

ថ្នាក់ដឹកនាំនៃកាសែត Cambodia Daily ចំនួន៣រូប ដែលនាយកដ្ឋានពន្ធដារដាក់ពាក្យបណ្តឹងនោះ រួមមានដូចខាងក្រោម៖

ទី១៖ លោកស្រី Deborah Krisher-Steele. ដែលមានតួនាទីជាកម្មសិទ្ធិករ ក្រុមហ៊ុន Bernard Kriser Jmushi Co., Ltd. (កាសែត Cambodia Daily) ដោយប្តឹងពីបទ គេចវេសពន្ធ និងការប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ

ទី២៖ លោក Douglas Eric Steele ដែលមាននាទីជាបណ្ណាធិការ ក្រុមហ៊ុន Bernard Kriser Jmushi Co., Ltd. (កាសែត Cambodia Daily)​ ដោយប្តឹងពីបទ គេចវេសពន្ធ និងការប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ។

ទី៣៖ លោក Bernard Krisher មានតួនាទីចាងហ្វាយកាសែត Cambodia Dialy. ដោយប្តឹងពីបទ គេចវេសពន្ធ និងការប្រព្រឹត្តអំពើរាំងស្ទះ ដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ។

ដោយឡែកមួយទៀត, សម្រាប់លោកស្រី Deborah Krisher-Steele. ដែលជាកម្មសិទ្ធិករ ក្រុមហ៊ុន Bernard Kriser Jmushi Co., Ltd. (កាសែត Cambodia Daily) ក៏ត្រូវបានអគ្គនាយកដ្ឋាន ប្តឹងពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

នៅក្នុងលិខិតបណ្តឹងអគ្គនាយកដ្ឋានបាន​លើកឡើងថា «ក្រុមហ៊ុន Bernard Kriser Jmushi Co., Ltd. (កាសែត Cambodia Daily)​ បានប្រកបអាជីវកម្ម សារពើពន្ធ The Cambodia Daily នៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៣ ប៉ុន្តែទើបមកចុះបញ្ជីពន្ធដារនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧»

កាលពីម្សិលមិញ មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍មួយរូប បានថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មានថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃនឹងចាត់វិធានការ ទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់កាសែត The Cambodia Daily ដែលជំពាក់ពន្ធរដ្ឋជាង៦លានដុល្លារ បន្ទាប់ពីទទួលបានលិខិតផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ ស្នើឲ្យសហការក្នុងការអនុវត្តវិធាន ការតឹងទារបំណុលពន្ធ។

មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងយ៉ាងដូច្នេះថា «ក្រោយពីទទួលលិខិត ពីអគ្គនាយកដ្ឋានពន្ធដារហើយ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់»

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ គឺជាថ្ងៃឱសាទនៃថ្ងៃកំណត់ពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ និងក៏ជាថ្ងៃចុងក្រោយនៃការចេញផ្សាយរបស់កាសែត Cambodia Daily អគ្គនាយកដ្ឋានពន្ធដារ បានធ្វើលិខិតស្នើសុំកិច្ចសហការជាមួយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់វិធានការតឹងទារបំណុល ពន្ធលើក្រុមហ៊ុន BERNARD KRISHER JIMUSHI Co., Ltd. (កាសែត The Cambodia Dialy)។

កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ លោក គង់ វិបុល បានថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះថា៖ «បើទោះបីមានការបិទក៏ដោយ ការអនុវត្តពន្ធនៅតែបន្ត បំណុលពន្ធត្រូវតែសង, អ្នកទទួលខុសត្រូវរបស់អង្គភាពព័ត៌មាននេះ ជាអ្នកទទួលខុសត្រូវ ចំពោះបំណុលពន្ធរបស់រដ្ឋ មិនអាចគេចខ្លួនបានទេ ហើយក៏មិនអាចចាកចេញពីកម្ពុជាផងដែរ, ព្រោះយើងអនុវត្តតាមច្បាប់ សារពើពន្ធរបស់កម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ នឹងចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញករណីនេះនៅថ្ងៃស្អែក ព្រោះជាថ្ងៃឱសានវាទ»

មន្រ្តីកំពូលនៃអគ្គនាយកដ្ឋាន បានបញ្ជាក់យ៉ាងច្បាស់ថា «ប្រសិនបើមិនមានប្រាក់ដើម្បីបង់ពន្ធ ដែលជាបំណុលរបស់រដ្ឋនោះ ការរឹបអូសទ្រព្យសម្បត្តិ របស់អង្គភាពព័ត៌មាននេះ នឹងត្រូវធ្វើឡើង តាមច្បាប់សារពើពន្ធរបស់កម្ពុជា»

កាសែតបរទេស The Cambodia Daily បានប្រកាសបិទការចេញផ្សាយរបស់ខ្លួន នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីពុំមានលទ្ធភាព បង់ពន្ធជូនរដ្ឋាភិបាលកម្ពុជាតាមការកំណត់ និងបានបើកដំណើរការអស់រយៈពេល២៤ឆ្នាំនៅកម្ពុជា។ នេះបើយោងតាមការប្រកាសរបស់កាសែត The Cambodia Daily នៅរសៀលថ្ងៃអាទិត្យនេះ។ ការសម្រេចបិទការចេញផ្សាយរបស់ខ្លួន កាសែត The Cambodia Daily បានថ្លែងអំណរគុណដល់ ម្ចាស់ពាណិជ្ចកម្ម និងប្រិយមិត្ត ដែលបានគាំទ្រកាសែតនេះ តាំងពីដើមមក៕