Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរសម្នាក់ត្រូវក្មេងស្ទាវមួយក្រុម លើកគ្នាទៅព្រួតវាយបណ្តាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរ នៅស្រុកសន្ទុក

06-09-2017 15:08

(កំពង់ធំ)៖ មានករណីអំពើហិង្សាមួយកើតឡើង បណ្តាលឲ្យបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារក្រុមស្ទាវមួយក្រុមលើកគ្នាមក វាយបណ្តាល បុរសម្នាក់ឲ្យបែកក្បាល ជាច្រើនថ្នេរ នាវេលាម៉ោង២១៖១០នាទីនាថ្ងៃទី៥ កញ្ញា ឆ្នាំ២០១៧ម្សិលមិញ នៅចំណុចផ្លូវលំ តាំងក្រសាំង (ផ្លូវយាយតា ទៅព្នៅ) ស្ថិតនៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានករណី ប្រើអំពើហិង្សាដោយចេតនា មានអាវុធត្រូវបានបង្កឡើងដោយក្រុម ក្មេងស្ទាវ មួយក្រុមបាននាំបក្ខពួក មកវាយជនរងគ្រោះ ឈ្មោះ ប្រា អ័ន ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិព្រែកក្រោល ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្ដាលឲ្យរបួសធ្ងន់ចំក្បាលជាច្រើនកន្លែង និងដួលសន្លប់បាត់ស្មារតី ត្រូវបានសាច់ញាតិនាំទៅព្យាបាល នៅមន្ទីរពេទ្យបង្អែក។

លោកវរសេនីយ៍ត្រី ស្រី សំណាង មេបញ្ជាការកងរាជអាវុធហត្ថស្រុកសន្ទុក បានឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានការឈ្លោះប្រកែកគ្នា គឺដោយសារតែជនរងគ្រោះ បានទៅលេង ទំនប់បង្ហៀរទឹកតំបន់ទំនប់ទឹក១មករា ស្ថិតក្នុងស្រុកបារាយណ៍ ហើយមិនដឹងថា មូលហេតុអ្វី ច្បាស់លាស់ ស្រាប់តែក្រុមអាពូជស្តាយសង្រ្គាម១ក្រុមព្រួតគ្នាវៃ និងដំបងហើយរត់គេចខ្លួនបាត់អស់។

ក្នុងករណីនេះកម្លាំងប៉ូលីស និងកម្លាំងកងរាជអាវុធហត្ថ ស្រុកសន្ទុក កំពុងស្រាវជ្រាវរកមុខសញ្ញារហូតមកដល់ពេលនេះ បានដឹងពីអត្តសញ្ញាណខ្លះហើយ និងកោះហៅមកសួរនាំតាមនិតិវិធី៕