(ភ្នំពេញ)៖ ដោយមើលឃើញជាក់ស្ដែងពីផលលំបាក ដែលជាសេវាតម្រូវការចាំបាច់មួយ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរចេញ-ចូលគ្រប់មធ្យោបាយ និងជួយកាត់បន្ថយការកកស្ទះ ក៏ដូចជាបញ្ជៀសរាល់គ្រោះថ្នាក់ចរាចរផ្សេងៗ ពិសេសបញ្ហាកកស្ទះប្រព័ន្ធលូបង្ហូរទឹក ផ្ដើមចេញពីកាកសំណល់សម្រាមផងនោះ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានយកថវិកាផ្ទាល់ខ្លួនក្បែរ១ពាន់ដុល្លារ ក្នុងការចំណាយទៅលើបេតុងក្រឡុកចំនួន៥ម៉ែត្រគូប និងចំណាយលើកម្លាំងពលកម្មផ្សេងៗ ដើម្បីស្ថាបនាផ្លូវ និងប្រមូលទាំងកាកសំណល់សំអាតសម្រាម ជូនប្រជាពលរដ្ឋ ដើម្បីមានភាពងាយស្រួលធ្វើដំណើរ និងលើកកម្ពស់សោភ័ណ្ឌភាពរាជធានីភ្នំពេញ ស្ថិតនៅត្រង់ចំណុចកែងស្តុបផ្លូវលេខ៥៩៨ (ម្ដុំលក់ផ្កា) ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្នុងសកម្មភាពខាងលើនេះដែរ ក៏មានការរួមដំណើរពី លោក នុត សាវី និងលោក ព្រំ រដ្ឋា អនុប្រធានសណ្ដាប់ធ្នាប់សាលាខណ្ឌឫស្សីកែវ និងកម្លាំងសណ្ដាប់ធ្នាប់ជាច្រើននាក់ ទៀតផងដែរ ដើម្បីអនុវត្តសកម្មភាពការងារផ្ទាល់។
លោក ជា ពិសី បានបញ្ជាក់ថា ការចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីស្ថាបនាផ្លូវ ពិសេសការប្រមូលកាកសំណល់សម្រាម ដែលធ្វើឲ្យកកស្ទះប្រព័ន្ធលូបង្ហូរទឹកតាមដងផ្លូវ ជូនប្រជាពលរដ្ឋនេះ ពិតជាមិនតិច ហើយក៏មិនច្រើនដែរ តែជាសេវាតម្រូវការដ៏ចាំបាច់ចំពោះមុខមួយ ដែលក្នុងនាមអាជ្ញាធរដាច់ខាត ត្រូវតែចំណាយថវិកា ក្នុងការដោះស្រាយ និងរៀបចំធ្វើជូនប្រជាពលរដ្ឋ ដើម្បីមានភាពងាយស្រួលធ្វើដំណើរចេញ-ចូល គ្រប់មធ្យោបាយ និងជួយកាត់បន្ថយការកកស្ទះ ក៍ដូចជាបញ្ជៀសរាល់គ្រោះថ្នាក់ចរាចរផ្សេងៗបាន រួមនិងជួយលើកកម្ពស់ទាំងសោភ័ណ្ឌភាព រាជធានីភ្នំពេញ៕