(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០១៧។ កិច្ចប្រជុំដឹកនាំដោយលោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយក៏មានការចូលរួមពីគ្រប់អង្គភាពថវិកា ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

កិច្ចប្រជុំធ្វើឡើងសម្រាប់ត្រួតពិនិត្យការអនុវត្តថវិកា​​ ពាក់កណ្តាលឆ្នាំ២០១៧ មានគោលបំណងសំខាន់ៗ ៣រួមមាន៖

១). តាមដាន និង រាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង អំពីវឌ្ឍនភាពដែលអង្គភាពថវិកាចំណុះឱ្យក្រសួង សម្រេចបានក្នុងឆមាសទី ១ នៃឆ្នាំ ២០១៧
២). កំណត់បញ្ហាប្រឈម និងស្នើដាក់ចេញនូវវិធានការដោះស្រាយ ដើម្បីជំរុញការអនុវត្តបន្តក្នុងឆ្នាំ ឱ្យកាន់តែរលូន និងសម្រេចបានតាមគោលដៅដែលបានដាក់ចេញ
៣). បំពេញតាមលក្ខខណ្ឌតម្រូវនៃបទប្បញ្ញតិគតិយុត្តពាក់ព័ន្ធថវិកាកម្មវិធីជាធរមាន ។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិត ហ៊ាន សាហ៊ីប បានធ្វើការគូសបញ្ជាក់ថា ការត្រួតពិនិត្យការអនុវត្តថវិកាសម្រាប់ឆមាសទី១ នៃឆ្នាំ២០១៧ នេះ បានរៀបចំឡើងដោយពិនិត្យយ៉ាងម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយពីគ្រប់ទិដ្ឋភាព ពិសេសផ្តោតសំខាន់លើទិដ្ឋភាព ២ (ទី១) ទិដ្ឋភាពហិរញ្ញវត្ថុ ដែលពិនិត្យលើចំណូលប្រមូលបានជាក់ស្តែងធៀបនឹងឥណទានច្បាប់ និង ចំណាយជាក់ស្តែងធៀបនឹងឥណទានច្បាប់/ឥណទានថ្មី (ទី២) ទិដ្ឋភាពសមិទ្ធកម្ម តាមរយៈការតាមដានវឌ្ឍនភាពនៃការអនុវត្តការងារជំនាញ ដោយកំណត់ជាភាគរយធៀបនឹងគោលដៅសូចនាករកំណត់ក្នុងផែនការសកម្មភាពឆ្នាំ២០១៧ ។

លោកបណ្ឌិត ហ៊ាន សាហ៊ីប បានបន្ថែមថា កិច្ចប្រជុំនេះ ពិតជាមានសារៈសំខាន់ណាស់ ដោយមានវិសាលភាពពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តចំណូល និងចំណាយថវិការដ្ឋ និងសមិទ្ធកម្មនៃការអនុវត្តផែនការសកម្មភាពពាក់កណ្តាលឆ្នាំ២០១៧ នៃគ្រប់អង្គភាពថវិការបស់ក្រសួង។

លោកបណ្ឌិត ហ៊ាន សាហ៊ីប ក៏បានសន្និដ្ឋានជារួមថា ការត្រួតពិនិត្យការ អនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០១៧នេះ បានបង្ហាញពីលទ្ធផលនៃការប្រមូលចំណូលជាក់ស្តែងបានអនុវត្តក្នុងកម្រិតល្អមួយគួរឱ្យកត់សម្គាល់ (លើសពាក់កណ្តាលនៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ)។ រីឯ ការអនុវត្តចំណាយ ក៏កាន់តែមានភាពល្អប្រសើរជាងមុន ដោយអង្គភាពថវិកាភាគច្រើនបានយកចិត្តទុកដាក់អនុវត្ត ទោះបីជាការទូទាត់ត្រូវបានកត់សម្គាល់ថា នៅមានបញ្ហាប្រឈមក៏ពិតមែន។

ជាមួយនេះ ក៏មានបញ្ហាប្រឈមមួយចំនួនដែលតម្រូវឱ្យក្រសួងបន្តយកចិត្តទុកដាក់ពិនិត្យ និងវាយតម្លៃឡើងវិញ អំពីប្រសិទ្ធភាពនៃសមិទ្ធកម្មដែលបាន និងកំពុងសម្រេច ក្នុងគោលដៅរៀបចំ និងដាក់ចេញជាវិធានការកែទម្រង់លើប្រព័ន្ធដឹកនាំ និងគ្រប់គ្រងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និយាយជារួម និងលើប្រព័ន្ធដឹកនាំ,គ្រប់គ្រង, តាមដាន, ត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធកម្មផ្ទៃក្នុងក្រសួង និយាយដោយឡែក ។

លោក ហ៊ាន សាហ៊ីប បានគូសបញ្ជាក់បន្ថែមថា លទ្ធផលរបាយការណ៍ក៏បានបង្ហាញអំពីតម្រូវការបង្កើនសមត្ថភាពបន្ថែមដល់ក្រុមការ ងារថវិកានៃអង្គភាពថវិកា ដែលតម្រូវឱ្យបន្តការបណ្តុះបណ្តាល។ ជាមួយនេះការអនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកានេះ ពុំមែនត្រូវការតែជំនាញពាក់ព័ន្ធក្នុងកិច្ចការគ្រប់គ្រងហិរញ្ញវត្ថុ និងថវិកានេះទេ ប៉ុន្តែអង្គភាពអនុវត្ត ត្រូវយល់ដឹងឱ្យបានស៊ីជម្រៅ និង ទូលំទូលាយអំពីគោលនយោបាយ និងកម្មវិធីជាអាទិភាពរបស់ខ្លួន ទើបអាចឈានទៅរៀបចំបានគ្រប់ជ្រុងជ្រោយនៃការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ។

លោកបណ្ឌិត ហ៊ាន សាហ៊ីប បានផ្តល់អនុសាសន៍បន្ថែមដល់គ្រប់អង្គភាពថវិកានៃក្រសួង ត្រូវបន្តបង្កើនសមត្ថភាព ពង្រឹងភាពជាម្ចាស់ និងការទទួលខុសត្រូវបន្ថែមទៀត ដើម្បីគាំទ្រគោលបំណងគោលនយោបាយរបស់ក្រសួង ឱ្យសម្រេចបានជោគជ័យ ក្នុងនាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បំពេញមុខងារជាសេនាធិការជូនរាជរដ្ឋាភិបាលលើបេសកកម្មដឹកនាំ និងគ្រប់គ្រងលើវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្នុងន័យនេះ អង្គភាពថវិកានីមួយៗ មិនត្រឹមតែមានសមត្ថភាពអនុវត្តថវិកា ឱ្យស្របតាមនីតិវិធីហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាមទារឱ្យការអនុវត្តនោះ អាចសម្រេចបាននូវគុណភាព និងប្រសិទ្ធភាពនៃការអនុវត្តថែមទៀត ដើម្បីមានលទ្ធភាពធ្វើការបណ្តុះបណ្តាលបន្ត និងដោះស្រាយបញ្ហាជូនអង្គភាពថវិកា នៃក្រសួងស្ថាប័នដទៃទៀតផង៕