(កំពង់ឆ្នាំង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានចុះបង្រ្កាបករណីរថយន្តក្រុង ដឹកជញ្ជូនសត្វព្រៃខុសច្បាប់មួយគ្រឿង ដកហូតបានសត្វព្រៃមួយចំនួនធំ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅចំណុចភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង បានថ្លែងប្រាប់ភា្នក់ងារ Fresh News ប្រចាំខេត្តកំពង់ឆ្នាំងឲ្យដឹងថា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ មានរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន «បូព៌ា អាស៊ី» ដឹកសត្វពស់ និងអណ្ដើកមួយគ្រឿងនេះ ត្រូវបានកម្លាំងអាវុធហត្ថ ស្ទាក់ចាប់បាននៅចំណុចភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ជនសង្ស័យជាអ្នកបើកបររថយន្ត ឈ្មោះ ជឹម សិទ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

កម្លាំងអាវុធហត្ថ បានបន្តថា វត្ថុតាងរឹបអូសបានរួមមាន៖ ទី១៖ រថយន្តក្រុងមួយ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ3D-1105, ទី២៖ សត្វអណ្តើកចំនួន១១ក្បាល ស្មើរ១០គីឡូក្រាម, ទី៣៖ ពស់ចាន់ល្មម២៩គីឡូក្រាម, ទី៤៖ សត្វស្រពោជចំនួន៣ក្បាល, ទី៥-ពស់ថ្លាន់២៤ គីឡូក្រាម, ទី៦៖ ពស់វែក ៣០គីឡូក្រាម, និងទី៧៖ ពស់សាំងសឺ៥៣គីឡូក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងប្រគល់ជូនជំនាញ រដ្ឋបាលព្រៃឈើស្រុកកំពង់ត្រឡាច និងអង្គការ WildAid៕