(កណ្តាល)៖ នគរបាលស្រុកស្អាង បានស្រាវជ្រាវរហូតឃាត់ខ្លួន ជនសង្ស័យ២នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម នៅក្នុងមូលដ្ឋាន និងដកហូតថ្នាំញៀនចំនួន ២៥កញ្ចប់ រួមនឹងឧបករណ៍ប្រើប្រាស់មួយចំនួន នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅចំណុចចំការស្វាយ ស្ថិតនៅភូមិ ពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

នគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានទី១៖ ឈ្មោះ ស្រ៊ីណាគ្រី (ក្រឹម)  អាយុ៣៤ឆ្នាំ មានមុខរបរជាកម្មករ, និងទី២៖ ឈ្មោះ ឆាប វិ ឆៃ (វែង) អាយុ២៨ឆ្នាំ មានមុខរបរជាជាងផ្សាដែករស់នៅភូមិ ពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

នគរបាលដដែលបានបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំងពីរ កម្លាំងនគរប៉ុស្តិ៍ត្រើយស្លា បានទទួលព័ត៌មានថាមានពីប្រជាពលរដ្ឋនៅក្នុង មូលដ្ឋានថា ឃើញមុខសញ្ញាចែកចាយគ្រឿងញៀន កំពុងធ្វើសកម្មភាពនៅក្នុងចំការស្វាយ ចំណុចកើតហេតុពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ បានចុះទៅដល់ក៏បានជួប និងជនសង្ស័យរួចឃាត់ខ្លួន ពិនិត្យរកឃើញគ្រឿងញៀន ប្រភេទម៉ាទឹកកកចំនួន២៥កញ្ចប់ និងសម្ភារសម្រាប់ប្រើប្រាស់ មួយចំនួនទៀត។

បន្ទាប់ពីសួរចម្លើយរួចមក ជនសង្ស័យទាំង២នាក់ បានសារភាពថាថ្នាំញៀនទាំងនេះខ្លួនបានទៅទិញគ្រឿងញៀនពីមនុស្សម្នាក់មិនស្គាល់ឈ្មោះនៅ វាលខ្សាច់ចាក់អង្រែលើ ក្រុងភ្នំពេញ ទម្ងន់កន្លះជីក្នុងតម្លៃ២៣ម៉ឺនរៀល ដើម្បីយកទៅចែកចាយបន្ត។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងត្រូវបាននគរបាលស្រុកស្អាង កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕