(ព្រះសីហនុ)៖ នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតី ក្នុងពិធីទម្លាក់ដុំថ្មសិប្បនិម្មិត ជាជម្រកមច្ឆជាតិ នៅតំបន់កោះរ៉ុងសន្លឹម ក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមជំរុញថែរក្សា និងអភិរក្សមច្ឆជាតិ សមុទ្រកាន់តែមានប្រសិទ្ធភាព។

នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ មេបញ្ជាការរងកងទ័ពជើងទឹក អគ្គលេខាធិការរង មេបញ្ជាការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន តំណាងក្រសួងពាក់ព័ន្ធ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ក្រុមការងារមុជទឹកស្ម័គ្រចិត្ត កម្លាំងកងទ័ពជើងទឹក កម្លាំងពិសេសជាតិប្រឆាំងភេរវកម្ម កម្លាំងទីបញ្ជាការជួរមុខ និងមន្រ្តីស្ថាប័នគន្លឹះ រួមទាំងប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់កោះរ៉ុង សរុបចំនួន៦៥រូបផងដែរ៕