(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការប្រកួតបាល់ទាត់ពានរង្វាន់ពាក់កណ្ដាលអាជីព KMH Cup រដូវកាលទី៤ និងពាន KMH Champions League រដូវកាលទី២ កាលពីខែកក្កដាកន្លងទៅ មូលនិធិបាល់ទាត់ KMH នៃក្រុមហ៊ុន ISI Group បង្កើតពានទាំងពីរ បានប្រកាសពីគម្រោងរៀបចំពានរដូវកាលថ្មី ឆ្នាំ២០១៧-២០១៨ ទៀតហើយ ដោយគ្រោងនឹងចាប់ផ្ដើមនាចុងខែតុលាខាងមុខ ខណៈប្រាក់រង្វាន់ជយលាភី នឹងកើនឡើងសរុបជាង ១៥០លានរៀលឯណោះ។
លោក កាំង សេន តំណាងក្រុមហ៊ុន ISI Group ដែលជាស្ថាបនិកបង្កើតពានពាក់កណ្ដាលអាជីពខាងលើ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការត្រៀមបើករដូវកាលថ្មីនៃពាន KMH នៅអាគារ Raintree នាថ្ងៃទី៦ ខែកញ្ញានេះថា ពានទាំងពីរ នឹងចាប់ផ្ដើមទទួលពាក្យចូលរួមចាប់ពីថ្ងៃជូនដំណឹងនេះ ខណៈការប្រកួតគ្រោងនឹងធ្វើឡើងនាចុងខែតុលា ឆ្នាំ២០១៧ខាងមុខ។ ប៉ុន្ដែអ្វីដែលពិសេសរដូវកាលថ្មីនេះ ក្រៅពីបង្កើនប្រាក់រង្វាន់ជយលាភី គណៈកម្មការបានសម្រេចផ្លាស់ប្ដូរលក្ខខណ្ឌប្រកួតមួយចំនួន ដើម្បីរួមចំណែកកសាងអនាគតបាល់ទាត់កម្ពុជា។
ស្ថាបនិករូបនេះបន្ដថា ចំពោះពានរង្វាន់ KMH Cup រដូវកាលទី៥ គណៈកម្មការបានសម្រេចតម្រូវឲ្យកីឡាករ នៃក្រុមចូលរួមនីមួយៗត្រូវមានអាយុក្រោម ១៨ឆ្នាំ ខណៈពាន KMH Champions League រដូវកាលទី៣ កីឡាករ នៃក្រុមចូលរួមនីមួយៗត្រូវមានអាយុតិចបំផុត ១៨ឆ្នាំ ពោលគឺខុសពីរដូវកាលមុនៗ ដែលគណៈកម្មការពុំមានការបែងចែងអាយុនោះទេ។ លើសពីនេះ គណៈកម្មការក៏អនុញ្ញាតឲ្យក្រុមនីមួយៗ នាំយកកីឡាករអាជីព ២រូប និងកីឡាករបរទេស ៤រូប មកជួយបានទៀតផង។
លោក កាំង សេន បានពន្យល់ថា ការផ្លាស់ប្ដូរលក្ខខណ្ឌប្រកួតដូច្នេះ ដោយសារគណៈកម្មការចង់ពង្រឹងគុណភាពបន្ថែមលើសមត្ថភាព និងបច្ចេកទេសរបស់កីឡាកររបស់ក្រុមនីមួយៗ ពិសេសគឺការផ្ដល់ឱកាសឲ្យក្រុមយុវជនបានចូលរួមប្រកួតពាន KMH Cup U-18 ដើម្បីដុះខាត់សមត្ថភាព ធ្វើជាស្ពានក្នុងការកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅរកការចាប់អាជីពក្នុងវិស័យបាល់ទាត់នាពេលអនាគត។ បន្ថែមលើនេះ លោកបានស្នើឲ្យក្រុមចូលរួមទាំងអស់ ត្រូវគោរពឲ្យបានដាច់ខាតនូវគោលការណ៍ Fair-Play ដើម្បីរួមចំណែកធ្វើឲ្យព្រឹត្តិការណ៍មួយនេះទទួលបានជោគជ័យ និងបន្ដរៀបចំជានិរន្ដ។
សូមបញ្ជាក់ថា កាលពីរដូវកាលឆ្នាំ២០១៦-២០១៧ កន្លងទៅ ទាំងពាន KMH Cup លើកទី៤ និងពាន KMH Champions League លើកទី២ សុទ្ធតែគ្រងតំណែងជើងឯកដោយក្រុមខណ្ឌពោធិសែនជ័យ។ ប៉ុន្ដែសម្រាប់ក្រុមដណ្ដើមបានជយលាភីរដូវកាលថ្មីខាងមុខវិញ ចំពោះពានរង្វាន់ KMH Champions League រដូវកាលទី៣ ក្រុមលេខ១ នឹងទទួលបាន ៤៨លានរៀល, លេខ២ ទទួលបាន ២៤លានរៀល, លេខ៣ ទទួលបាន ១២លានរៀល, លេខ៤ ទទួលបាន ៦លានរៀល។ មិនតែប៉ុណ្ណោះ ក្រុមធ្លាក់វគ្គ ១/៨ផ្ដាច់ព្រ័ត្រ និងក្រុមធ្លាក់វគ្គ ១/៤ផ្ដាច់ព្រ័ត្រ ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តផងដែរ៕