(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសសម្រេចចិត្តកាន់តំណែងជានាយករដ្ឋមន្រ្តីកម្ពុជា មកពីគណបក្សប្រជាជនកម្ពុជាពីរអាណត្តិ ស្មើនឹង១០ឆ្នាំបន្តទៀត ដើម្បីគ្រប់គ្រង និងថែរក្សាស្ថេរភាពនៅកម្ពុជា។

ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅសួនឧស្សាហកម្មកាណាឌីយ៉ា នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្រេចចិត្តបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីពីរអាណត្តិបន្តទៀតនេះ បន្ទាប់ពីសម្តេចបានឃើញពីទង្វើដ៏ពិសពុល របស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ រួមនិងបក្ខពួកក្នុងការប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចហៅថា ជាទង្វើក្បត់ជាតិនោះ។

សម្តេចប្រមុខរាជរដ្ឋាភិបាល ដែលត្រូវបានគេប្រសិទ្ធនាមជារដ្ឋបុរស និងជាស្ថាបនិកសន្តិភាពនៅកម្ពុជានោះបានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំនឹងបន្តកាន់តំណែង ជានាយករដ្ឋមន្ត្រីសម្រាប់រយៈពេលពីរអាណត្តិបន្តទៀត។ មុននេះខ្ញុំមានការស្ទាក់ស្ទើរ តើខ្ញុំសម្រេចចាកចេញ នៅពេលណា? ប៉ុន្តែបន្ទាប់ពីឃើញព្រឹត្តិការណ៍ ដ៏គួរឲ្យឈឺចាប់នៃអំពើក្បត់ជាតិរបស់ជនជាតិខ្មែរខ្លះដែលត្រូវចាប់ខ្លួនរួចមកហើយ និងអាចមានខ្លះទៀត ខ្ញុំសម្រេចចិត្តបន្តការងាររបស់ខ្ញុំ រយៈពេលមិនតិចជាង១០ឆ្នាំទៀតទេ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមទៀតថា វត្តមានរបស់សម្តេចជាអ្នកដឹកនាំរាជរដ្ឋាភិបាល គឺដើម្បីការពារ រក្សាសុខសន្តិភាព ជាពិសេសរក្សាវត្តមានរោងចក្រ សហគ្រាសនៅក្នុងប្រទេសកម្ពុជា ដែលសម្តេចបានចាត់ទុកជាសមិទ្ធផលរកបានមកយ៉ាងលំបាកបំផុត។

បុរសខ្លាំងនៅកម្ពុជាតេជោ សែន បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំនឹងបន្តវត្តមាន ដើម្បីរួមគ្នាថែទាំរោងចក្រ ថែទាំអ្វីៗ ដែលយើងបានកសាង មិនទុកឲ្យជនណាមួយបំផ្លាញសេចក្តីសុខរបស់បងប្អូនទេ»

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់កម្មករ កម្មការិនី បន្តបោះឆ្នោតគាំទ្រសម្តេច និងគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសបន្តទៅទៀត។ សម្តេចនាយករដ្ឋមន្រ្តី ក៏បានប្រាប់កម្មករ កម្មការិនី ឲ្យប្រាប់ទៅឪពុកម្តាយ និងសាច់ញាតិ ឲ្យបោះឆ្នោតគាំទ្រសម្តេច និងគណបក្សប្រជាជនកម្ពុជាផងដែរ។

ក្រោយការតស៊ូវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ មករា ១៩៧៩ សម្តេចតេជោ ហ៊ុន សែន បានកាន់តំណែងជារដ្ឋមន្ត្រីការបរទេសនៅឆ្នាំ១៩៧៩ ជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៥ និងពីឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៩១ ជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសផង នៅក្នុងសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា និងបន្ទាប់មករដ្ឋកម្ពុជា។

ក្រោយកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ និងក្រោយការបោះឆ្នោតលើកដំបូងនៅឆ្នាំ១៩៩៣ សម្តេចតេជោ ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្រ្តីទី២។ តែចាប់តាំងពីឆ្នាំ១៩៩៨ មក សម្តេចតេជោ ហ៊ុន សែន បានក្លាយទៅជានាយករដ្ឋមន្រ្តីដឹកនាំប្រទេស កម្ពុជា ជាបន្តបន្តបន្ទាប់រហូតដល់ពេលបច្ចុប្បន្ន។

ក្នុងតំណែងជានាយករដ្ឋមន្រ្តីដឹកនាំកម្ពុជារយៈពេលប្រមាណជា ២០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេមើលឃើញថា បានដឹកនាំប្រទេសឲ្យរីកចម្រើនជាបន្តបន្ទាប់។ យោងតាមទិន្នន័យនានា បានបង្ហាញថា ក្រោយថ្ងៃរំដោះប្រជាពលរដ្ឋមានត្រឹមតែជាង ៣លាននាក់ តែពេលបច្ចុប្បន្នប្រជាពលរដ្ឋបានកើនឡើងដល់ជាង ១៥លាននាក់ ខណៈរបាយការណ៍ខ្លះថាអាចដល់ ២០លាននាក់។

សម្រាប់សេដ្ឋកិច្ចជាតិវិញ ក៏បានវិវឌ្ឍន៍ឡើងគួរឲ្យកត់សម្គាល់ផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយកម្ពុជា បានរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួនកើនឡើងជាបន្តបន្ទាប់ ជាពិសេសរក្សាបានក្នុងកំណើនប្រមាណ៧ភាគរយ រហូតធានាគារអភិវឌ្ឍន៍អាស៊ីចាត់ទុកជាកូនខ្លាសេដ្ឋកិច្ចនៅតំបន់អាស៊ីថែមទៀតផង ខណៈធនាគារពិភពលោកឲ្យចំណាត់ថ្នាក់លេខ៦ ជាប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំងក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ។

បច្ចុប្បន្នកម្ពុជា បានអភិវដ្ឍន៍ខ្លួនចេញពីប្រទេសក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន ហើយគ្រោងអភិវឌ្ឍន៍ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។

សម្រាប់វិស័យរោងចក្រវិញកាលពីអំឡុងឆ្នាំ១៩៩៤ រោងចក្រនៅកម្ពុជាមានប្រមាណ ៦៤រោងចក្រ មានកម្មករ កម្មការិនី ជាង ៨ម៉ឺននាក់ តែបច្ចុប្បន្នមានរោងចក្រមានជាង ១ពាន់រោងចក្រ មានកម្មករ កម្មការិនីជាង ៧៤ម៉ឺននាក់។ រីឯទំហំការនាំចេញលើវិស័យរោងចក្រកាត់ដេរនេះវិញ កាលពីអតីតកាលមានជាង ២២៧លានដុល្លារ តែបច្ចុប្បន្នទំហំនាំចេញនេះមានរហូតដល់ ៧,៦៦៣លានដុល្លារអាមេរិក៕