(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់មិនអាជីពរបស់ «សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន» លើកទី១ បានបញ្ចប់វគ្គជម្រុះតាមពូលហើយ ហើយក៏រកឃើញក្រុមឡើងវគ្គ ៨ក្រុមចុងក្រោយ (វគ្គ១/៤) រួមមានក្រុមអាណាចក្របៃតង, Home Sport, ពិស្ណុការ, The Salt FC, Old Town Garden, TN Kandal FC, សម្ព័ន្ធយុវជនមូស្លីមកម្ពុជា និងក្រុមសមាគមរោងចក្រកាត់ដេនៅកម្ពុជា GMAC ដែលទើបរៀបចំពិធីចាប់គូប្រកួតវគ្គបន្ទាប់កាលពីព្រឹកមិញ។
លោក ថុល នាង ទីប្រឹក្សារបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងជាប្រធានមន្ទីរការងារខេត្តកណ្ដាល ដែលជាអ្នកផ្ដួចផ្ដើមគំនិតរៀបចំព្រឹត្តិការណ៍នេះ បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការចាប់គូប្រកួតនាថ្ងៃទី៦ ខែកញ្ញានេះថា ឆ្លងកាត់ប្រកួតជម្រុះជាង១ខែកន្លងទៅ គណៈកម្មការបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលទទួលបាន បើទោះបីមានចំណុចខ្វះខាតបន្ដិចបន្ទួចក្ដី ប៉ុន្ដែគណៈកម្មការបានប្ដេជ្ញាចិត្តនឹងកែតម្រូវចំណុចខ្វះខាតទាំងនោះឲ្យបានល្អប្រសើរក្នុងការប្រកួតវគ្គ ៨ក្រុមចុងក្រោយនាពេលខាងមុខ។
ប្រធានមន្ទីរដដែលបន្ដថា ការលេងបាល់ទាត់ គឺចៀសមិនផុតពីការប៉ះទង្គិចគ្នានោះទេ ប៉ុន្ដែក្រោមស្មារតីកីឡា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងសុខភាព ក្រោយបញ្ចប់ការប្រកួតលោករំពឹងថា កីឡាករ ឬក្រុមនីមួយៗ នឹងមានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ ពិសេសការប្រកួតវគ្គ ៨ក្រុមចុងក្រោយ ដែលជាវគ្គដ៏សំខាន់នោះ ត្រូវប្រកាន់ភ្ជាប់ឲ្យបាននូវគោលការណ៍ Fair-Play ដើម្បីជំរុញព្រឹត្តិការណ៍មិនអាជីពមួយនេះឲ្យទទួលបានជោគជ័យ និងឈានទៅរកពានកម្រិតពាក់កណ្ដាលអាជីព ស្របតាមក្បួនច្បាប់របស់សហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ (FIFA)។
គួរបញ្ជាក់ថា បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះ និងចាប់គូប្រកួតវគ្គ ៨ក្រុមចុងក្រោយហើយនោះ ការប្រកួតដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (វគ្គចាញ់ធ្លាក់) នឹងធ្វើឡើងនៅដើមសប្ដាហ៍ក្រោយ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ ខែកញ្ញាខាងមុខ នៅលើទីលានស្ដាតចាស់តែ១គត់ ក្នុងនោះក្រុមអាណាចក្របៃតង់ ជួបក្រុម TN Kandal (ថ្ងៃទី១១-កញ្ញា), ក្រុម GMAC ប៉ះក្រុមសម្ព័ន្ធយុវជនមូស្លីមកម្ពុជា (ថ្ងៃទី១២-កញ្ញា), ក្រុម Home Sport ជួបក្រុម Old Town Garden (ថ្ងៃទី១៣-កញ្ញា) និងក្រុមពិស្ណុការ ប៉ះក្រុម The Salt FC (ថ្ងៃទី១៤-កញ្ញា)។
ដោយឡែកចំពោះប្រាក់រង្វាន់ជយលាភីវិញ ក្រុមជើងឯក ទទួលបានប្រាក់រង្វាន់ ២៥លានរៀល ខណៈលេខ២ ទទួលបាន ២០លានរៀល និងលេខ៣ ទទួលបាន ១៥លានរៀល។ លើសពីនេះ ក៏មានប្រាក់រង្វាន់កីឡាករល្អ អ្នកចាំទីល្អ និងក្រុមលេងល្អជាងគេផងដែរ៕