(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញានេះ បន្ទាប់ពីបានអញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករ កម្មការនីប្រមាណជា១ម៉ឺននាក់ នៅសួនឧស្សាហកម្មកាណាឌីយ៉ារួចហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអញ្ជើញ បានបន្តដំណើរមកសួរសុខទុក្ខកម្មការិនី២នាក់ ដែលឈឺពោះឆ្លងទន្លេក្នុងពេលកំពុង ចូលរួមក្នុងកម្មវិធីសំណេះសំណាល ជាមួយសម្តេចនៅព្រឹកមិញនេះ។
ស្ត្រីកម្មការិនីដែលឈឺពោះឆ្លងទន្លេ ក្នុងពេលកំពុងចូលរួមក្នុងកម្មវិធីសម្តេចតេជោ ត្រូវគេដឹកបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសចុះសួរសុខទុក្ខកម្មការិនី ដែលឈឺពោះឆ្លងទន្លេនោះសម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួន ដល់ស្ត្រីដែលកំពុងសម្រាកត្រៀមសម្រាលកូន និងកម្មការិនីរួមទាំងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងផងដែរ។
ក្រៅពីនេះ សម្តេចតេជោ បានទទួលនូវការស្វាគមន៍ដោយក្តីគោរពស្រឡាញ់ ពីបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យនៅទីនោះ ប្រកបដោយភាពកក់ក្តៅ និងរីករាយ៕