(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន ត្រូវប្រុងប្រយ័ត្នម្តងទៀត ខណៈកម្ពស់ទឹកស្ទឹងសែន ថ្ងៃនេះមានកម្ពស់លើសពីកំរិតប្រកាសអាសន្នរហូត១២,៥០ម៉ែត្រ ដែលកម្រិតប្រកាសអាសន្នត្រឹមតែ១១,៥០ ម៉ែត្រប៉ុណ្ណោះ។

លោកអំពាវនាវបែបនេះ ក្នុងឱកាសដែលលោករួមជាមួយលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ក៏ដូចមន្ត្រីរាជការប្រជាពលរដ្ឋអញ្ជើញ ចូលរួមដាក់វេនបិណ្ឌថ្ងៃទី១ នៅវត្តរាជាប្រាសាទគោគបេង ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ។

លោក អ៊ុន ចាន់ដា បានថ្លែងរំលឹកថា កាលពីខែកក្កដា និងខែសីហា កន្លងទៅនេះ ខេត្តព្រះវិហារយើងបានទទួលរងគ្រោះនូវទឹកជំនន់ទឹកភ្លៀងបានធ្វើ ឲ្យស្រុក៣រងគ្រោះ ធ្ងន់ធ្ងររួមមាន៖ ស្រុកជាំសាន្ត ស្រុកកូលែន និងស្រុកឆែប បណ្តាលឲ្យលិចលង់ស្រូវស្រែចំការរបស់យើង។ ជាមួយគ្នានេះអាជ្ញាធរខេត្ត បានខិតខំរួមជាមួយថ្នាក់ដឹកនាំ បានចុះជូយសង្រ្គោះប្រជាពលរដ្ឋ ហើយបានផ្តល់នូវស្បៀងអាហារ និងកន្លែងស្នាក់នៅបណ្តោះអាសន្ន។ ពេលនោះយើងក៏បានផ្តល់នូវពូជស្រូវ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដើម្បីធ្វើការដាំដុះ និងស្តារឡើងវិញ។ ប៉ុន្តែពេលនេះទឹកបានចាប់ផ្តើមបន្តឡើងវិញមកដល់ថ្ងៃនេះ គឺមានកំពស់១២,៥០ម៉ែត្រ គឺលើសពីកំរិតប្រកាសអាសន្ន ដែលមានកម្ពស់ត្រឹមតែ១១,៥០ម៉ែត្រ ប៉ុណ្ណោះដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន សូមមានការប្រុងប្រយ័ត្ន ដោយឡែកអាជ្ញាធរខេត្ត បានត្រៀមលក្ខណដើម្បីជួយសង្រ្គោះផងដែរ។

សម្រាប់ថ្ងៃដាក់បិណ្ឌនេះវិញ លោក អ៊ុន ចាន់ដា បានលើកឡើងថា មួយរយៈមកនេះយើងសង្កេតឃើញសាសនារបស់យើង ត្រូវបានជនអគតិមួយចំនួនធ្វើការវាយប្រហារ ហើយមានក្រុម ខ្លះបានយកព្រះពុទ្ធសាសនា ទៅប្រើប្រាស់ក្នុងនយោបាយ ហើយក៏មានក្រុមខ្លះវាយប្រហារព្រះពុទ្ធសាសនាទៅវិញ។ ព្រះពុទ្ធសាសនា ជាសាសនា មួយបរិសុទ្ធមិនពាក់ព័ន្ធនិងនយោបាយ មិនពាក់ព័ន្ធ និងរឿងអ្វីដែលប៉ះពាល់ដល់អសន្តិសុខសង្គម ដូច្នេះការបង្កើតឲ្យមានបញ្ហាទាំងឡាយមិនមែន ព្រះពុទ្ធសាសនាទេ គឺជាបុគ្គល់ដែលយកព្រះពុទ្ធសាសនាទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លូនតែប៉ុណ្ណោះ។ ថ្ងៃនេះយើងបានរួបរួមគ្នា ជាមួយមន្ត្រីរាជការ មកកាន់វេនបិណ្ឌទី១ នៅវត្តគោគបេងពិសេស ជាមួយគណបកហសប្រជាជនកម្ពុជា និងរដ្ឋបាលខេត្ត នាំគ្រឿងឧបភោគបរិភោគ បច្ច័យជាដើម្បីយកមកប្រគេនព្រះសង្ឃ ឧទ្ទិសដល់បុព្វការីជនមានជីដូនជីតាដែលបានចែកឋានទៅ។

ក្នុងឱកាសនោះលោកអភិបាលខេត្តព្រះវិហារ និងប្រធានក្រុមប្រឹក្សខេត្តបានប្រគេនទយ្យទាន បច្ច័យជិត៥លានរៀល និងបានចូលរួមបច្ច័យដើម្បី កសាងព្រះវិហារ៤២៦០ដុល្លាអាមេរិក៕