(ភ្នំពេញ)៖ បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីបទក្បត់ជាតិតាមរយៈការបែកធ្លាយជាសាធារណៈ នូវការនិយាយនៅអូស្ត្រាលី ពីផែនការយុទ្ធសាស្ត្រជាសម្ងាត់គាំទ្រពេញទំហឹងដោយសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ន ដើម្បីទំលាក់រដ្ឋាភិបាល នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយជាពិសេសបន្ទាប់ពីមានការទម្លាយព័ត៌មាន ដោយហ្វេសបុក សីហា អំពីការជំពាក់វាក់វិនដូចសម្លកំពឹសនូវមន្ត្រីជាន់ខ្ពស់ CNRP មួយចំនួនដែលជាមនុស្សជំនិត បំផុតរបស់លោក កឹម សុខា ក្នុងការរៀបចំ និងអនុវត្តគម្រោងការប្រទាក់ក្រឡាជាប្រព័ន្ធនេះហើយដែលមានឈ្មោះ ស្ថិតនៅក្នុងបញ្ជីខ្មៅ របស់តុលាការត្រូវនាំខ្លួនមកសួរនាំ ដូចជា លោក ប៉ុល ហម, លោក យ៉ែម បុញ្ញាឬទ្ធិ, លោក អ៊ូ ចាន់ឬទ្ធិ, លោក សុន ឆ័យ ។ល។ បក្សប្រឆាំងមួយនេះហាក់បីដូចជា ស្ថិតក្នុងស្ថានភាពបាត់ម្ចាស់ការផង និងរង់ចាំមើលទឹកភ្លៀងផង។
មន្ត្រីសំខាន់មួយរូបដែលស្និទ្ធជាមួយមេដឹកនាំធំៗ CNRP បានខ្សឹបប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា «ក្រោយពេលលោកប្រធាន កឹម សុខា ត្រូវបានចាប់ខ្លួន លោក យឹម សុវណ្ណ និងលោកស្រី មួរ សុខហួរ បានណែនាំឲ្យមន្រ្តី និងសកម្មជនបក្សទាំងអស់នៅឲ្យស្ងៀមកុំធ្វើអ្វីផ្តេសផ្តាស និងកុំនិយាយស្តីឲ្យសោះ ជៀសវាងការជាប់ជំពាក់ជាមួយសំណុំរឿងលោក កឹម សុខា។ ម៉្យាងវិញទៀតក៏មានការណែនាំផងដែរ ឲ្យបិទស្នាក់ការកណ្តាលរបស់បក្សនៅចាក់អង្រែនេះសិន»។
មន្រ្តីដដែលរូបនោះក៏បានទម្លាយឲ្យដឹងដែរថា «ប៉ុន្មានម៉ោងក្រោយការចាប់លោក កឹម សុខា នៅថ្ងៃទី០៣ ខែកញ្ញា លោក យឹម សុវណ្ណ ប្រធានប្រតិបត្តិគណបក្ស សង្គ្រោះជាតិ ក៏បានចាកចេញពីប្រទេសភ្លាមៗទៅកាន់អាមេរិក និងកាណាដា ក្នុងរយៈពេលយូរ ទោះបីដឹងថា ស្ថានការណ៍គណបក្សកំពុងប្រឈមនឹងគ្រោះថ្នាក់ យ៉ាងណាក៏ដោយ»។
បើតាមសំដីរបស់ស្ត្រីម្នាក់ដែលធ្លាប់ទាក់ទងគ្នាជិតស្និតជាមួយតំណាងរាស្ត្រខេត្តបន្ទាយមានជ័យឈ្មោះ យន្ត ថារ៉ូ បានបង្ហើបឱ្យដឹងនៅក្នុងគណបក្សថា លោក យន្ត ថារ៉ូ កាលថ្ងៃទី៥ ខែកញ្ញាបានរត់ភៀសខ្លួនឆ្លងដែនទៅសម្ងំសុខយ៉ាងប្រញាប់ប្រញាល់ ដើម្បីរង់ចាំមើលសភាពការណ៍ល្អទើបវិលត្រឡប់មកក្នុងប្រទេសវិញ។
ទន្ទឹមនឹងនេះ តាមសំដីក្រុមគ្រួសាររបស់យុវជនម្នាក់ក្នុងចំណោម សកម្នជនគណបក្សសង្គ្រោះជាតិ១៥នាក់ ដែលធ្លាប់បានទៅទទួលការបណ្តុះបណ្តាល នៅប្រទេសឥណ្ឌូនេស៊ី អំពីជំនាញក្នុងការធ្វើបដិវត្តពណ៍ រៀបចំដោយអង្គការ IRI និង CANVAS បានឲ្យដឹងថា «កូនគាត់ និងយុវជនទាំង១៤នាក់ទៀតបានទទួល បញ្ជាពីឈ្មោះ ហ៊ីង សុខសាន្ត ឲ្យរត់គេចខ្លួនចេញពីស្រុកខ្មែរជាបន្ទាន់ ព្រោះអ្នកទាំងអស់នេះគឺជាមុខសញ្ញាសាក្សីដ៏សំខាន់នៃសំណុំរឿងក្បត់ជាតិ»។
ម៉្យាងវិញទៀត បើតាមការបញ្ជាក់ពីសាច់ញាតិក្រុមគ្រួសារ លោក កឹម សុខា គឺ «..... កឹម មនោវិទ្យា ក៏មិនទាន់ហ៊ានត្រឡប់ចូលស្រុកវិញដែរ តាំងពីលោក កឹម សុខា ត្រូវបានចាប់ខ្លួន...»។ ហើយបើតាមការរៀបរាប់របស់សមាជិកគណៈកម្មាធិការនាយកម្នាក់ ក្នុងកូតាបក្ស សម រង្ស៊ី បានបង្ហើបឲ្យដឹងថា «.... កឹម មនោវិទ្យា អាចជំពាក់វ័ណ្ឌក ហើយព្រោះទាំងពីរនាក់ បងប្អូនគឺជាតំណាងឲ្យ កឹម សុខា ក្នុងការឃុបឃិតជាមួយបរទេស ដឹកនាំចាត់ចែង និងអនុវត្តផ្ទាល់នូវរាល់បញ្ជា និងផែនការក្បត់ជាតិ»។
មន្ត្រីជាន់ខ្ពស់នគរបាលជាតិមួយរូប ដែលថ្លែងសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា «សមត្ថកិច្ចនឹងបន្តការស៊ើបអង្កេត ស្វែងតាមចាប់ខ្លួនជនមុខសញ្ញាពាក់ព័ន្ធតាមដីកា តុលាការមកផ្តន្ទាទោស បន្តទៀតទោះបីមុខសញ្ញាទាំងអស់នោះរត់គេចខ្លួនទៅក្រៅប្រទេសក៏ដោយ។ ឥឡូវនេះបក្សសង្គ្រោះជាតិគ្មាននៅសល់អ្វីទេ ក្រៅពីរង់ចាំអ៊ុតមើល ជោគវាសនាថា តើត្រូវរំលាយឬ ក៏ត្រូវបន្តជីវិតតទៅទៀត...» នេះហើយពិតជាចំណេះជិះកឯង ម្យ៉ាងវិញទៀត បើហ៊ានតែគៀងគរ កម្លាំងមកធ្វើបាតុកម្មជួយ កឹម សុខា វានឹងកាន់តែទទួលនូវវាសនាអាក្រក់ថែមទៀត៕