(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យ ដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ជូនលោកឧត្តមសេនីយ៍ត្រី អ៊ុច សុខុន ដែលត្រូវបានប្រកាសតែងតាំង ជាស្នងការនគរបាលថ្មីខេត្តបាត់ដំបង។ នេះបើតាមព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្តីទី ដែលអង្គភាពព័ត៌មាន Fresh News ទទូលបាននៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧នេះ។
សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ នឹងប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី អ៊ុច សុខុន ដែលបច្ចុប្បន្នជាស្នងការរងនគរបាលរាជធានីភ្នំពេញ ឡើងកាន់តំណែងជាស្នងការនគរបាលខេត្តបាត់ដំបងជាផ្លូវការ ជំនួសលោកឧត្តមសេនីយ៍ទោ ស ថេត។
យោងតាមមន្រ្តីនគរបាលជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ពិធីប្រកាសតែងតាំងខាងលើ នឹងធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ចាន់ អ៊ាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
មន្រ្តីនគរបាលដដែលបានបន្តថា លោកឧត្តមសេនីយ៍ទោ ស ថេត ដែលបច្ចុប្បន្នជាស្នងការនគរបាលខេត្តនគរបាលខេត្តបាត់ដំបង នឹងផ្លាស់ឡើងកាន់តំណែងជាអគ្គស្នងការរងនគរបាលជាតិវិញ៕