(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ចេញសេចក្តីពន្យល់ដល់ប្រធានបេសកកម្មការទូត អំពីការឃាត់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។

ការពន្យល់របស់ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ច បានចាប់ខ្លួនប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ស្របពេលដែលសហគមន៍អន្តរជាតិមួយចំនួន បានប្រតិកម្មចំពោះការចាប់ខ្លួននេះដែរ។

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានពន្យល់ថា ការថ្លែងរបស់ លោក កឹម សុខា តាមរយៈវីដេអូដែលបែកធ្លាយ ពាក់ព័ន្ធនឹងផែនការផ្តួលរំលំរាជរដ្ឋាភិបាល តាមបញ្ជារបស់អាមេរិកនោះ គឺបង្កើតជាបទល្មើសកើតឡើង។ លោកថ្លែងថា «យុទ្ធសាស្រ្តក្នុងការដណ្តើមអំណាច គឺជាទូទៅសម្រាប់គ្រប់គណបក្សនយោបាយ ហើយនោះមិនមែនជាបទល្មើសឡើយ ប៉ុន្តែអ្វីដែលបង្កើតជាបទល្មើស គឺរបៀបដែលយុទ្ធសាស្រ្តត្រូវបង្កើតឡើង និងថាអ្នកណានៅពីក្រោយនៃយុទ្ធសាស្រ្តនោះ»

លោកទេសរដ្ឋមន្រ្តី ក៏បានពន្យល់អំពីភាពជាក់ស្តែង និងមូលដ្ឋានច្បាប់ ដែលនាំឱ្យមានការឃាត់ខ្លួន លោក កឹម សុខា ដោយបង្ហាញអំពីវីដេអូត្រង់ចំណុចដែលលោក កឹម សុខា សារភាពអំពីការឃុបឃិតជាសម្ងាត់ជាមួយសហរដ្ឋអាមេរិក និងបង្ហាញច្បាប់ព្រហ្មទណ្ឌត្រង់មាត្រា៤៤៣ ដែលកំណត់អំពីបទល្មើសក្បត់ជាតិ នោះគឺបទ «សន្ទិដ្ឋិភាព» (ការឃុបឃិតគ្នាជាសម្ងាត់) ខណៈដែលវីដេអូនេះ កំពុងបន្តផ្សព្វផ្សាយជាបន្តបន្ទាប់ នៅលើបណ្តាញសង្គម Facebook។

រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់ទៀតថា «អាជ្ញាធរមានសមត្ថកិច្ច រួមទាំងនគរបាលយុត្តិធម៌ និងព្រះរាជអាជ្ញា ដោយពិនិត្យឃើញថាវីដេអូឃ្លីបនេះ កំពុងបន្តផ្សព្វផ្សាយ (វីដេអូឃ្លីបនេះ នៅតែបន្តផ្សព្វផ្សាយរហូតដល់ពេលនេះ) និងខ្លឹមសារនៅក្នុងវីដេអូឃ្លីបនេះ បានឈានដល់ការសន្និដ្ឋានថា នោះគឺជាបទល្មើសជាក់ស្តែង»។ លោកបន្តថា បទល្មើសជាក់ស្តែង នគរបាលយុត្តិធម៌អាចចាប់ខ្លួន ដោយមិនគិតពីអភ័យឯកសិទ្ធិសភារបស់បុគ្គលនោះ ពេលវេលា និងទីកន្លែងនៃការចាប់ខ្លួននោះឡើយ។

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានលើកឡើងទៀតថា លោក កឹម សុខា បានធ្វើខុសនឹងសច្ចាប្រណិធាន ក្នុងពេលចូលកាន់តំណែងជាសមាជិករដ្ឋសភា ដោយបានស្បថថា មិនឱ្យបរទេសជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃកម្ពុជា ឬមកបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជាបានឡើយ។

ឆ្លៀតក្នុងឱកាសនោះ រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ក៏បានបង្ហាញពីជំហរអព្យាក្រឹត្យរបស់កម្ពុជា ហើយរម្លឹកមិនឱ្យបរទេសជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាជាដាច់ខាត។ លោកទេសរដ្ឋមន្រ្តីបានលើកឡើងថា កម្ពុជាមិនត្រូវការអ្វីពីប្រទេសដទៃទេ ប៉ុន្តែអ្វីដែលកម្ពុជាចង់បាន គឺការគោរពគ្នាទៅវិញទៅមក ការគោរពឯករាជភាព អធិបតេយ្យភាព និងអព្យាក្រឹត្យរបស់ប្រទេសកម្ពុជា៕