(កំពង់ស្ពឺ)៖ ប្រាសាទបុរាណដែលបន្សល់ទុកពីបុព្វបុរសខ្មែរនាសម័យបុរាណ ត្រូវបានក្រុមស្រាវជ្រាវប្រទះឃើញនៅលើចង្កេះភ្នំក្អែកពង ដែលរចនាបទស្រដៀង ប្រាសាទសំបូរព្រៃគុក នៅខេត្តកំពង់ធំដែរ។ ក្រុមអ្នកសា្រវជ្រាវ បានហៅឈ្មោះប្រាសាទបុរាណនោះថា «ប្រាសាទក្អែកពង» ដែលមានទីតាំងស្ថិតនៅ ភូមិក្អែកពង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រួមជាមួយក្រុមអ្នកស្រាវជ្រាវ កងកម្លាំង និងមន្រ្តីជំនាញផ្នែកបុរាណវិទ្យា បានអញ្ជើញចុះទៅពិនិត្យមើលទីតាំង «ប្រាសាទភ្នំក្អែកពង» នេះ ដែលផុសឡើងនៅទឹកដីខេត្តកំពង់ស្ពឺ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧។
លោកអភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា តាមការសិក្សារបស់មន្រ្តីជំនាញផ្នែកបុរាណវិជ្ជា បានឲ្យដឹងថា ប្រាសាទភ្នំក្អែកពង នេះត្រូវបានបុព្វបុរសសាងសង់ឡើង ប្រហែលជានៅដើមសតវត្យទី៧ រដ្ឋកាលព្រះបាទឥសានវ័រ្មនទី១ (Icanavarman 1st ៦១៦-៦៣៥) ស្ថិតក្នុងរចនាបទប្រាសាទសំបូរព្រៃគុក (Style de Sambor Preykuk)។
លោកអភិបាលខេត្ត វ៉ី សំណាង មានអារម្មណ៍សប្បាយចិត្តជាពន់ពេក ដែលទឹកដីខេត្តកំពង់ស្ពឺ មានប្រាសាទបុរាណដែលកសាងឡើងដោយអតីតមហាក្សត្រខ្មែរ នាសម័យនោះ បន្សល់ឲ្យកូនចៅជំនាន់ក្រោយ បានទស្សនា។ ទន្ទឹមនេះ លោកមានការរំពឹង ថាខេត្តកំពង់ស្ពឺ មានរមណីដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រមួយទៀតនេះ នឹងទាក់ទាញឲ្យប្រជាពលរដ្ឋ នាំគ្នាអញ្ជើញទៅទស្សនាក្នុងពេលដ៏ខ្លីខាងមុខនេះ៕