(ស្វាយរៀង)៖ មន្ទីរសុខាភិបាលខេត្តស្វាយរៀង នាពេលថ្មីៗនេះ បានបើកកិច្ចប្រជុំរវៀងថ្នាក់នាំមន្ទីរសុខាភិបាល ប្រធានការិយាល័យចំណុះមន្ទីរទាំង៤ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង៤ ប្រធានមន្ទីរពេទ្យខេត្ត ប្រធានមន្ទីរពេទ្យបង្អែកទាំង៤ និងប្រធានមណ្ឌលសុខភាពទាំង៤៣ ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង។
ក្នុងកិច្ចប្រជុំនោះ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានលើកឡើងពីការងារពង្រឹងការងារគ្រប់គ្រងរដ្ឋបាល-បុគ្គលិក និងពង្រឹងវិន័យការងារ ការយាមប្រចាំការ២៤ម៉ោង មិនឱ្យមានមណ្ឌលសុខភាពណាបិទទ្វារជាដាច់ខាត។ ត្រូវលុបបំបាត់ឱ្យអស់មន្ត្រីខ្មោចនៅតាមមូលដ្ឋានសុខាភិបាល បើប្រធានអង្គភាពណានៅតែលាក់បាំង នឹងទទួលខុសត្រូវចំពោះមុខច្បាប់ ។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា មន្ទីរពេទ្យ និងមណ្ឌលសុខភាព ត្រូវតែផ្តល់នូវសេវាប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ត្រូវពង្រឹងការងារគ្រប់គ្រងថវិកា,ការគ្រប់គ្រងឱសថបរិក្ខា, ការពង្រឹងសេវាសុខាភិបាលឯកជន ។ មន្ទីរសុខាភិបាលកំពុងរៀបចំយុទ្ធនាការចុះពិនិត្យ និងព្យាបាលកម្មកររោងចក្រ ជាង៩ម៉ឺននាក់ ដែលចាប់អនុវត្តពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៧ នេះតទៅ៕