Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅថ្ងៃនេះ ចៅក្រមស៊ើបសួរនឹងបន្តសួរចម្លើយ លោក កឹម សុខា ជុំវិញបទល្មើសក្បត់ជាតិ

06-09-2017 08:44

(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តសួរចម្លើយ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិបន្តទៀត ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ។ ការសាកសួរនេះ បានធ្វើឡើង នៅក្នុងពន្ធនាគារត្រពាំងថ្លុង ក្នុងខេត្តត្បូងឃ្មុំ ដែលជាទីដែល លោក កឹម សុខា ត្រូវបានឃុំខ្លួន។ នេះបើតាម លោក អ៉ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដែលបានបញ្ជាក់ប្រាប់ Fresh News កាលពីម្សិលមិញ។

លោក កឹម សុខា ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលចែងក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរកឃើញថា លោកមានការឃុបឃិតជាមួយសហរដ្ឋអាមេរិក ក្នុងគោលដៅផ្តល់រំលំរាជរដ្ឋាភិបាល ស្របច្បាប់របស់កម្ពុជា ដែលអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ដល់សន្តិភាពរបស់ជាតិ ដូចកាលពីឆ្នាំ១៩៧០។

សូមបញ្ជាក់ថា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅវេលាម៉ោងប្រមាណ១២៖៣៥នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់លោក ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបែកធ្លាយវីដេអូមួយ បង្ហាញថា លោកសារភាពអំពីការអនុវត្តតាមការបញ្ជារបស់សហរដ្ឋអាមេរិក ក្នុងការដណ្តើមអំណាចពីរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ក្រោយការចាប់ខ្លួននេះ ដោយបានចាត់ទុកកាយវិការ និងសកម្មភាពរបស់ មេបក្សប្រឆាំង តាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ។

ពាក់ព័ន្ធនឹងករណីនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាច់ខាត មិនឱ្យសហរដ្ឋអាមេរិក លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ ហើយបង្គាប់ឱ្យមានការស៊ើបអង្កេតថែមទៀតចំពោះជនបរទេស ដែលមានការពាក់ព័ន្ធនឹងករណីក្បត់ជាតិរបស់ លោក កឹម សុខា៕