(ភ្នំពេញ)៖ ស្រាបៀរអង្គរ ជាស្រាបៀរ មានអ្នកចូលចិត្តច្រើនជាងគេ នៅកម្ពុជា បានរៀបចំពិធីអបអរសាទរ លើកទឹកចិត្តជយលាភី ដែលដណ្តើមបានមេដាយ មកកាន់មាតុប្រទេសវិញ ក្នុង ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧ ដែលបានរៀបចំឡើង នៅទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី កន្លងទៅនេះ។

ក្នុងការប្រកួតលើកនេះ អត្តពលិកខ្មែរយើង ទទួលបានលទ្ធផលគាប់ប្រសើរជាងមុន ដោយដណ្តើមបានមេដាយសរុបចំនួន១៧គ្រឿង ក្នុងនោះមានមេដាយមាស ៣គ្រឿង មេដាយប្រាក់ ២គ្រឿង និងមេដាយសំរិទ្ធ១២គ្រឿង បើប្រៀបធៀបកាលពីឆ្នាំ២០១៥ យើងទទួលបានត្រឹមតែមេដាយមាស ១គ្រឿង នឹងមេដាយប្រាក់៥គ្រឿង និងមេដាយសំរិទ្ធ ៩គ្រឿងប៉ុណ្ណោះ។

លោក អ៊ុង គីកុង នាយកគ្រប់គ្រងផ្នែកលក់ ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ បានសម្តែងការស្ងើចសរសើរ និងគោរពចំពោះអត្តពលិកកម្ពុជា ដែលបានចូលរួមប្រកួត ក្នុងព្រឹត្តិការកីឡាស៊ីហ្គេម លើកទី២៩នេះ។ លោកថ្លែងទៀតថា «ប្រជាជនកម្ពុជាទាំងអស់ ពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះគ្រប់អត្តពលិក ដែលបានចូលរួមប្រកួតយ៉ាងស្វិតស្វាញ នៅក្នុងព្រិត្តិការណ៍កីឡាស៊ីហ្គេមនេះ ពួកយើងពិតជាមានកិត្តិយសណាស់ដែលបានក្លាយជាអ្នកគាំទ្រដ៏ស្វិតស្វាញរបស់ពួកគាត់» ។

លោកបន្ដថា ជាងនេះទៅទៀត ប្រជាជនខ្មែរទាំងមូល សូមថ្លែងអំណរគុណ ចំពោះអត្តពលិកទាំងអស់ ដែលបាននាំមេដាយមកជូនជាតិ ពួកគាត់បានបង្ហាញឲ្យពិភពលោកឃើញថា កម្លាំងចិត្តបេះដូងខ្មែរ ពិតជាមានថាមពលខ្លាំងក្លាមែន។ ដែលនេះ ជាផ្នែកមួយនៃកិច្ចសហការគ្នាជាមួយគណកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ស្រាបៀរអង្គរ នឹងជូនរង្វាន់លើកទឹកចិត្តជាទឹកប្រាក់ ៦ពាន់ដុល្លារ ៣ពាន់ដុល្លារ និង១ពាន់ដុល្លារអាមេរិក ចំពោះអត្តពលិកវិញ្ញាសារឯកត្តជនដែលឈ្នះមេដាយមាស ប្រាក់ និងសំរិទ្ធិ។ចំនែកអត្តពលិកដែលប្រកួតវិញ្ញាសារជាក្រុម នឹងទទួលបានរង្វាន់លើកទឹកចិត្តជាទឹកប្រាក់ ៨ពាន់ដុល្លារ ៥ពាន់ដុល្លារ និង៣ពាន់ដុល្លារ សម្រាប់ជយលាភីមេដាយ មាស ប្រាក់ និងសំរិទ្ធ។

ទន្ទឹមនឹងនោះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងអំណរគុណចំពោះស្រាបៀរអង្គរ ដែលតែងតែគាំទ្រអស់ពីបេះដូងចំពោះអត្តពលិកជាតិ។ លោកបានថ្លែងថា «គណកម្មាធិការជាតិអូឡាំពិកកម្ពុជា មានក្តីរំភើបឥតឧបមា ដែលតែងតែទទួលបានការគាំទ្រ ពីស្រាបៀរអង្គរ ក្នុងកិច្ចការលើកស្ទួយវិស័យកីឡាជាតិ ឲ្យទទួលបានជោគជ័យ ហើយយើងជឿជាក់ថា កិច្ចសហការនេះ នឹងជួយជំរុញវិស័យកីឡា ឲ្យលេចធ្លោទៅមុខ ដូចអ្វីដែលអត្តពលិកខ្មែរ បានបង្ហាញនៅក្នុងកីឡាស៊ីហ្គេមឆ្នាំនេះ អ្នកទាំងអស់គ្នាពិតជាធ្វើបានល្អណាស់»។

ដើម្បីបង្ហាញការគាំទ្រដល់ក្រុមអត្តពលិកជាតិចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧នេះ ស្រាបៀរអង្គរ បានកៀងគរឲ្យមានការគាំទ្រអត្តពលិកជាតិ ក្នុងកំឡុងពេលប្រកួតកីឡាស៊ីហ្គេម យ៉ាងសស្រក់សស្រាំ ដោយបង្កើតនូវបទចម្រៀងមួយបទ ស្តែងចេញនូវឆន្ទៈ និងកម្លាំងចិត្ត ដ៏ពុះកញ្ជ្រោល របស់អត្តពលិកជាតិ ដែលខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីដណ្តើមជ័យជំនះ សម្រាប់ប្រទេសជាតិខ្លួន។

ជើងឯកវិញ្ញាសារប៉េតង់ អ្នកស្រី អ៊ុកស្រីមុំ ដែលបានឈ្នះមេដាយមាស ក្នុងវិញ្ញាសារជាក្រុមជាមួយ អ្នកស្រីកែ ឡេង បានមានវត្តមាននៅក្នុងបទកម្លាំងចិត្តបេះដូងខ្មែរនោះដែរ ហើយបទចម្រៀងមួយបទនេះបានទាក់ទាញអ្នកទស្សនារហូតដល់ទៅ ២.២លានដងក្នុងរយៈពេលត្រឹមតែ២សប្តាហ៍នៃការចាក់ផ្សាយដំបូង រហូតបានក្លាយជាចម្រៀងមួយបទ ដែលបានទទួលការចាប់អារម្មណ៍ពីប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន។

ជាងនេះទៅទៀតក៏មានហ្វេនកីឡាខ្មែរយើង រាប់រយនាក់ផ្សេងទៀត បានថតវីដេអូខ្លួនឯង ច្រៀងវគ្គរឺហ្រ្វាំងនៃបទចម្រៀងនេះហើយចែកចាយនៅលើបណ្តាញទំនាក់ទំនងសង្គម ដើម្បីបង្ហាញការគាំទ្រអត្តពលិកជាតិ។ ជាការឆ្លើយតបស្រាបៀរអង្គរ ក៏បានលើកទឹកចិត្តអ្នកគាំទ្រទាំងនោះ ដោយផ្តល់អោយម្ចាស់វីដេអូប្រាំនាក់ដំបូង ដែលមានអ្នកចូលចិត្តច្រើនរហូតដល់ ៥០០,០០០នាក់ នូវការលើកទឹកចិត្តពួកគាត់ទាំង៥នាក់ បានទៅចូលរួមស្រែកហ៊ោរកញ្ជ្រៀវលើកទឹកចិត្ត ដល់អត្តពលិកខ្មែរ ដល់ទីក្រុងកូឡាឡំពួរផ្ទាល់ ក្នុងពិធីបើកកីឡាស៊ីហ្គេមជាផ្លូវការតែម្តង។

ហ្វេនម្នាក់ដែលលេចធ្លោជាងគេឈ្មោះ ពូ ឈីវ មើលទៅ ហាក់ដូចជាមិនអាចទប់ចិត្តខ្លួនឯងបាន បានក្រោកឡើងក្រវីទង់ជាតិខ្មែរដោយក្តីមោទនៈ បានផ្តល់កិច្ចសម្ភាសន៍ថា «ក្នុងខ្លួនខ្ញុំ ពេញទៅដោយក្តីមោទនៈ នៅពេលដែលឃើញក្បួនក្រុមអត្តពលិកខ្មែរយើង ឈានជើងចូលមកជិតវេទិកា ។នេះជាមោទនភាពដ៏អស្ចារ្យមួយ សម្រាប់ខ្ញុំ ដែលមានឱកាស បានបង្ហាញទឹកចិត្តគាំទ្ររបស់ខ្ញុំផ្ទាល់ ទៅឲ្យពួកគាត់ ដែលប្រឹងអស់លទ្ធភាព ទោះជាលទ្ធផលយ៉ាងណាក៏មិនសំខាន់ ពួកគាត់បានក្លាយជាវិរៈជនសម្រាប់ខ្ញុំរួចទៅហើយ» ។

ដើម្បីទស្សនាបទចម្រៀង «កម្លាំងចិត្តបេះដូងខ្មែរ» ឬកម្រងវីដេអូ ក្នុងកំឡុងពេលបើកការប្រកួតកីឡាស៊ីហ្គេម សូមចូលទៅកាន់ហ្វេសប៊ុករបស់ស្រាបៀរអង្គរ fb.com/AngkorBeerOfficial៕