(ភ្នំពេញ)៖ ប្រធានគណបក្សសង្គ្រោះជាតិ កឹម សុខា ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងស្ថាប័នតុលាការបាននឹងកំពុងដំណើរការ នីតិវិធីរបស់ខ្លួនប្រឆាំង នឹងមេបក្សរូបនេះដែលបានប្រព្រឹត្តបទល្មើសជាក់ស្តែង ក្រោយពីគាត់បានសារភាព តាមវិដេអូឃ្លីបថាលោកបានធ្វើការជាមួយអាមេរិកតាំងពីឆ្នាំ១៩៩៣ ដើម្បីផ្លាស់ប្តូររបបដឹកនាំនៅកម្ពុជា ដោយយកលំនាំតាមការផ្លាស់ប្តូរមេដឹកនាំនៅប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។

នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក កឹម សុខា ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទអំពើក្បត់ជាតិ បទសន្និដ្ឋិភាពជាមួយបរទេស ដែលសំដៅលើអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេសដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹង ព្រះរាជាណាចក្រកម្ពុជានៃក្រមព្រហ្មទណ្ឌ ហើយបទល្មើសនេះត្រូវប្រឈមមុខផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ ទៅ ៣០ឆ្នាំ។

ប្រសិនបើ កឹម សុខា ត្រូវបានបើកសវនាការជំនុំជម្រះក្តី ហើយរកឃើញថា ពិតជាមានពិរុទ្ធភាពមែននោះ ទង្វើរបស់ កឹម សុខា ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ប៉ះពាល់ដល់ស្ថាប័នចម្បងនៃរដ្ឋ ប្រព្រឹត្តបទល្មើសប្រឆាំងនឹងជាតិ នោះជាបច្ច័យអាក្រក់នឹងបង្កគ្រោះថ្នាក់ដល់ជីវិតគណបក្សសង្គ្រោះជាតិទាំងមូល ព្រោះត្រូវប្រឈមមុខ នឹងការប្តឹងរំលាយបក្សនេះចោល ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។ បើដូច្នេះតើ កឹម សុខា ក្លាហានហ៊ានលះបង់ដើម្បីសង្គ្រោះគណបក្ស ដូចអតីតដៃគូនយោបាយខ្លួន សម រង្ស៊ី ដែរឬទេ?

ទី១៖ សម រង្ស៊ី បានប្រកាសលាលែងពីតំណែងប្រធាន និងសមាជិកបក្សសង្គ្រោះជាតិ ព្រោះដើម្បីសង្គ្រោះបក្សដោយសារតែខ្លួនត្រូវបានរកឃើញថាមានទោស។ ទោះបីជាការលាលែងនេះគ្មានន័យព្រោះចាញ់យុទ្ធសាស្ត្រនយោបាយដៃគូខ្លួន ប៉ុន្តែសម្រាប់ក្រុម សម រង្ស៊ី និយមមើលឃើញថា ជាការលះបង់ដ៏ធំរបស់មេបក្សខ្លួន ដើម្បីជួយសង្គ្រោះបក្ស។ ទោះមន្ត្រីជាន់ខ្ពស់និងសកម្មជនបក្សសង្គ្រោះជាតិ ខាងសម រង្ស៊ី មិនពេញចិត្តនឹងរបៀបនៃការឡើងកាន់កាប់តំណែងប្រធានបក្សរបស់ កឹម សុខា ក្រោមពរជ័យទេវតា ធ្វើឱ្យមេបក្សខ្លួនខ្ទាត់ចេញក្រៅ ក៏ពួកគេនៅចាត់ទុក សម រង្ស៊ី ជាមេបក្សក្នុងបេះដូង។ ឥឡូវនេះស្ថានការណ៍ដូចគ្នាបានធ្លាក់មកលើ កឹម សុខា ម្តង តើ កឹម សុខា និងក្រុម កឹម សុខា និយមត្រូវធ្វើយ៉ាងណាដើម្បីរក្សាបក្សឱ្យបានគង់វង្ស ព្រោះវាសនាមន្ត្រី និងសកម្មជនបក្សសង្គ្រោះជាតិទាំងមូលស្ថិតនៅក្នុងកណ្តាប់ដៃ កឹម សុខា។

ទី២៖ សេណារីយូមានតែពីរទេ នៅចំពោះមុខ តើសុខចិត្តឱបដៃមើលគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយប្រសិនបើ កឹម សុខា ត្រូវបានរកឃើញថា មានទោសក្បត់ជាតិ ឬក៏ កឹម សុខា សុខចិត្តទទួលខុសត្រូវម្នាក់ឯងដោយលាលែងពីប្រធានបក្ស និងសមាជិកបក្សសង្គ្រោះជាតិដូច សម រង្ស៊ី បានធ្វើ ហើយថ្មីៗនេះ ញឹក ប៊ុនឆៃ ដែលជាប់ចោទពីបទឧក្រិដ្ឋគ្រឿងញៀន ក៏បានលាលែងពីតំណែងប្រធានបក្សដែរដើម្បីសង្គ្រោះបក្ស។ ទម្រាំនឹងបានឡើងគ្រប់គ្រងបក្សទាំងមូលបានប៉ុន្មានខែនេះ កឹម សុខា បានចំណាយកម្លាំងកាយច្រើនណាស់ ហើយក៏ប្រើល្បិចច្រើនដែរ ក្រោមការជួយរៀបចំរបស់ទេវតា តើ កឹម សុខា ហ៊ានលះបង់ទេ?
ទោះបីជាមិនហ៊ានលះបង់ក៏កឹម សុខា នឹងបាត់តំណែងប្រធានបក្សជាស្វ័យប្រវត្តិដែរ ព្រោះយោងតាមច្បាប់ស្តីពីគណបក្សនយោបាយ ទណ្ឌិតមិនអាចធ្វើជាប្រធានបក្ស បានឡើយ។ ដូច្នេះលទ្ធភាពនៃការលាលែងរបស់ កឹម សុខា ច្រើនជាងអត់ ព្រោះ កឹម សុខា ក៏ចង់រក្សាកេរ្តិ៍ឈ្មោះ និងភាពក្លាហានរបស់ខ្លួនចំពោះសកម្មជនដែរ ព្រោះបើនៅក្រាញអំណាចប្រធានបក្ស នឹងប្រឈមការបាត់បង់ដោយទទេ គ្មានតម្លៃ។

ទី៣៖ បើ កឹម សុខា សម្រេចលាលែងតំណែង អ្នកដែលនឹងត្រូវជំនួស កឹម សុខា គឺអនុប្រធានដ៏សាកសមជាងគេ គឺ ប៉ុល ហំម។ សេណារីយូគ្រប់គ្រងបក្សនេះត្រូវបាន កឹម សុខា និងក្រុមគាត់រៀបចំយ៉ាងលម្អិតក្នុងករណីអវត្តមានប្រធាន កឹម សុខា។ ប៉ុន្តែសួរថា តើក្រុម សម រង្ស៊ីនិយមសុខចិត្តទេ? ទំនងជាមិនយល់ស្របឡើយ ហើយនៅក្នុងសមាជបក្សនៅខែមេសាខាងមុខ ក្រុម សម រង្ស៊ី នឹងអាចស្វះស្វែងរកលទ្ធភាពក្នុងការដាក់បេក្ខភាពជំនួស កឹម សុខា ព្រោះរហូតមកទល់ពេលនេះ កម្លាំងនៅតាមមូលដ្ឋាននៅតែបន្តគាំទ្រក្រុម សម រង្ស៊ី ភាគច្រើននៅឡើយ ព្រោះ កឹម សុខា មានពេលវេលាតិចពេកក្នុងការពង្រឹងខ្សែបក្សខាងខ្លួន។
អ្នកដែលអាចឡើងជំនួស កឹម សុខា បានអាចត្រូវគេមើលឃើញថា ជាភរិយា សម រង្ស៊ី គឺជូឡុង សូមួរ៉ា ដែលអាចមានឥទ្ធិពលក្នុងជួរបក្សខ្លាំង ព្រោះមានស្រមោល សម រង្ស៊ី ជួយ។ តែសេណារីយូនេះហាក់ដូចប្រថុយគ្រោះថ្នាក់ខ្លាំង ព្រោះច្បាប់ហាមឃាត់មិនឱ្យអ្នកទោសពាក់ព័ន្ធនឹងគណបក្សនយោបាយ ហើយបក្សនយោបាយ ក៏ត្រូវបានហាមឃាត់មិនឱនយពាក់ព័ន្ធនឹងអ្នកទោស។ បើគ្មានដំណោះស្រាយផ្ទៃក្នុងទេ មានតែទុកឱ្យ ប៉ុល ហំម ធ្វើប្រធានបក្សស្តីទីរហូតដល់មានដំណោះស្រាយមួយ។

ទី៤៖ ប្រសិនបើមិនមានការលាលែងទេ ហើយគណបក្សសង្គ្រោះជាតិជ្រើសរើសយកការប្រមូលផ្តុំកម្លាំងដើម្បីតវ៉ាឱ្យមានការដោះលែង កឹម សុខា ដូចដែល អេង ឆៃអ៊ាង លើកឡើងក្នុងករណីចាំបាច់ និងជម្រើសចុងក្រោយ នោះបក្សសង្គ្រោះ ជាតិទាំងមូល ទោះបីជាមានអាមេរិកជួយពីក្រោយ ក៏មិនអាចជួយបានឡើយ នឹងត្រូវប្រឈមមុខនឹងការរំលាយបក្សចោល នៅពេលនោះពួកគេនឹងបាត់បង់ៗអ្វីទាំងអស់ ដែលមានសព្វថ្ងៃទាំងសមាជិករដ្ឋសភា ក្រុមប្រឹក្សាខេត្ត ស្រុក និងឃុំសង្កាត់។ ពួកគេធ្វើបាតុកម្មគាំទ្រជនក្បត់ជាតិដូច កឹម សុខា នោះពួកគេក៏ត្រូវបានចាត់ទុកថា ជាអ្នកឃុបឃិតនឹងជនក្បត់ជាតិ ហើយត្រូវប្រឈមមុខច្បាប់ដែរ។ តែជម្រើសនេះទំនងបក្សសង្គ្រោះជាតិមិនជ្រើសរើសឡើយ ព្រោះវានឹងនាំទៅដល់ការបញ្ចប់ជីវិតនយោបាយរបស់ពួកគេទាំងស្រុង។

ដូច្នេះជម្រើសដែលល្អ កឹម សុខា គួរក្លាហានដូច សម រង្ស៊ី លាលែងពីតំណែងប្រធានបក្ស និងលះបង់សមាជិកភាពបក្សដើម្បីកុំឱ្យបក្សរលាយដោយសារខ្លួន។ គណបក្សសង្គ្រោះជាតិក៏គួរនៅស្ងប់ស្ងៀមតាមការអំពាវនាវ របស់រាជរដ្ឋាភិបាល ជៀសវាងញុះញង់ប្រជាពលរដ្ឋធ្វើបាតុកម្មតវ៉ាការពារជនក្បត់ជាតិ កឹម សុខា។ ពួកគេគួរទុកឱ្យសមត្ថកិច្ចតុលាការបំពេញការងាររបស់ខ្លួនស្របតាមនីតិវិធីច្បាប់ ជៀសវាងការដាក់សម្ពាធណាមួយព្រោះការដាក់សម្ពាធគ្រាន់តែបង្កើនទម្ងន់នៃ ភាពខូចខាតតែប៉ុណ្ណោះ។ ចំណែកសហគមន៍អន្តរជាតិ គួរគោរពបូរណភាពដែនដី អធិបតេយ្យភាពជាតិខ្មែរ។ ការជម្រះបញ្ជីជាមួយជនក្បត់ជាតិ គឺជាភារកិច្ចរបស់ម្ចាស់ប្រទេសផ្ទាល់៕

ដោយ៖ ចៅចាក់ស្មុក