(ភ្នំពេញ)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧នេះថា តំណាងរាស្ត្រប្រព្រឹត្តបទល្មើសជាក់ស្តែង អាជ្ញាធរមានសមត្ថកិច្ច អាចចាប់ខ្លួន ឃាត់ខ្លួន ចោទប្រកាន់ និងឃុំខ្លួន បានភ្លាមដោយពុំចាំបាច់ស្នើលើកអភ័យឯកសិទ្ធិសភានោះឡើយ។

ការលើកឡើងបែបនេះរបស់ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពីមានមជ្ឈដ្ឋានមួយចំនួន បានលើកឡើងថា សមត្ថកិច្ច និងតុលាការបានចាប់ខ្លួន និងចោទប្រកាន់ លោក កឹម សុខា ទាំងមានអភ័យឯកសិទ្ធិ។

យោងតាមស្មារតីនៃរដ្ឋធម្មនុញ្ញត្រង់មាត្រា៨០ និងច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រត្រង់មាត្រា១២ និងមាត្រា១៣ លោក គឹម សន្តិភាព បានលើកឡើងថា «ការចោទប្រកាន់ ឬការឃុំខ្លួនតំណាងរាស្ត្រប្រព្រឹត្តបទល្មើសជាក់ស្តែងក្នុងសំណុំរឿងព្រហ្មទណ្ឌណាមួយត្រូវផ្អាក លុះណាមានការគាំទ្រអោយផ្អាកពី មតិភាគច្រើនបីភាគបួន នៃចំនួនសមាជិករដ្ឋសភាទាំងមូល»។

សូមបញ្ជាក់ថា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅវេលាម៉ោងប្រមាណ១២៖៣៥នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់លោក ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបែកធ្លាយវីដេអូមួយ បង្ហាញថា លោកសារភាពអំពីការអនុវត្តតាមការបញ្ជារបស់សហរដ្ឋអាមេរិក ក្នុងការដណ្តើមអំណាចពីរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា៕